លោក ពូទីន ចោទអាមេរិកថា ព្យាយាមអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអះអាងថា សហរដ្ឋអាមេរិកចង់ឱ្យជម្លោះនៅអ៊ុយក្រែនអូសបន្លាយឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ លោក ពូទីន បានថ្លែងនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុងម៉ូស្គូ ក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ស្ថានភាពនៅអ៊ុយក្រែនបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមអូសបន្លាយជម្លោះនេះ។

លោក ពូទីន បានរំលឹកឡើងវិញថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ គឺដើម្បីធានាសន្តិសុខរបស់រុស្ស៊ី និងពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារប្រជាជនតំបន់ដុនបាស់ពីអំពើប្រល័យពូជសាសន៍។

លោក ពូទីន បន្ថែមថា សហរដ្ឋអាមេរិកបានកំណត់តួនាទីជាកាណុងកាំភ្លើងសម្រាប់ជនជាតិអ៊ុយក្រែន ដែលបានអនុវត្តគម្រោងប្រឆាំងរុស្ស៊ីនៅអ៊ុយក្រែន ហើយបានបិទភ្នែកមើលការរីករាលដាលនៃមនោគមវិជ្ជា neo-Nazi ចំពោះការសម្លាប់រង្គាលរបស់ប្រជាជនក្នុងតំបន់ដុនបាស់។ ជាងនេះទៅទៀត អាមេរិកក៏បាននិងកំពុងវាយប្រហាររបបដឹកនាំទីក្រុងកៀវដោយសព្វាវុធ រួមទាំងអាវុធធុនធ្ងន់ ហើយបន្តធ្វើដូច្នេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់អង្គការណាតូបាននិងកំពុងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនកាន់តែខ្លាំងឡើង រួមមានប្រព័ន្ធគ្រាប់រ៉ុក្តែត M142 HIMARS ប្រព័ន្ធកាំភ្លើងធំ M777 Howitzers និងយន្តហោះដ្រូនប្រយុទ្ធជាដើម។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីខែមិថុនាកន្លងទៅថា អង្គការណាតូនឹងគាំទ្រអ៊ុយក្រែន ដរាបណាទីក្រុងកៀវទទួលជ័យជំនះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner