សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

លោកជំទាវ គ្រីស្ទីណា អាហ្គីឡា (Cristina Aguilar) ភារៈធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ បានសំដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋ មន្ត្រី ដែលបានគ្រប់គ្រង់ស្ថានការណ៍កូវីដ១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។ សម្រាប់ប្រទេសអេស្ប៉ាញនេះ គឺជាកិត្តិយស ដើម្បីជួយគាំទ្រដល់ពលរដ្ឋកម្ពុជា និងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសុវត្ថិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋរបស់ខ្លួន រួមទាំងជនបរទេសដែលពុំមានសញ្ជាតិកម្ពុជាផងដែរ» ។

លោកជំទាវ បានអះអាងថា ប្រទេសអេស្ប៉ាញបានតាមដានដោយយកចិត្តទុកដាក់ពីការអភិវឌ្ឍ និងសមិទ្ធផលដែលសម្រេចបាននៅក្នុងប្រទេសឧត្ដមក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវ គ្រីស្ទីណា អាហ្គីឡា បានបញ្ជាក់ទៀតថា ប្រទេសអេស្ប៉ាញក្នុងនាមជាសមាជិករបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃក្រុមអឺរ៉ុបសម្រាប់ការឆ្លើយតបរួមក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានទឹកប្រាក់ចំនួន ៤៤៣លានអឺរ៉ូ ដែលក្នុងនោះរួមមាន ការវិភាជន៍ថវិកាថ្មី ថវិកាកំពុងអនុវត្តក្នុងគំរោង នឹងថវិការតំរង់ទិសថ្មី ដោយផ្ដោតលើអាទិភាពសំខាន់ ចំាបាច់ចំនួន៣ មានការគាំទ្រ ផ្នែកសុខភិបាល, ការួមចំណែកដល់ការឧបត្ថម្ភគាំទ្រចំពោះប្រជាពលរដ្ឋ ជីវភាពរស់នៅនិងការងារ និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច និងការបង្កើតការងារ ។

លោកជំទាវ បានបន្ថែមថា ក្រុមអឺរ៉ុបកំពុងរួមចំណែកក្នុងការពង្រឹងផ្នែកសំខាន់ៗនៃវិស័យសេដ្ឋកិច្ច និងបានចួលរួមក្នុងការវិនិយោគទុនសាធារណៈ សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពលនឹងការស្ដារឡើងវិញប្រកបដោយភាពបៃតងផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលព្រះរាជាណាចក្រអេស្ប៉ាញ និងប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសវ៉ាក់សាំងសម្រាប់កុមារ និងជំនួយបច្ចេកទេសផ្សេងៗជាបន្តបន្ទាប់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ និងជំនួយបច្ចេកទេសទាំងនេះ បានចូលរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឈានទៅដល់ការស្ដារឡើងវិញនិងលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចតេជោបានបន្ថែមថា ទោះបីជាស្ថានភាពជំងឺកូវីដ១៩បានថមថយ ប៉ុន្តែសកលលោកទាំងមូលក៏នៅបន្តជួបប្រទះបញ្ញាប្រឈមដ៏គួរឱ្យព្រួយបារម្ភច្រើនផ្សេងទៀត ខណៈកម្ពុជាក៏កំពុងខិតខំស្ដារឡើងវិញ និងលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់។ សម្តេចថា «ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូលក៏បាននិងកំពុងជួបប្រទះ នឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សម្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។ ជាក់ស្តែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា ដែលការណ៍នេះ អាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ»។

សម្តេចតេជោបន្តថា ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងផងដែរ។ សម្តេច បន្ថែមថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ចសហការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់។ ក្នុងស្មារតីនេះ សម្តេចតេជោលើកទឹកចិត្តឲ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យ។

សម្តេចតេជោ បន្តទៀតថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំពង្រឹងសហកិច្ចប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចរវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ ផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner