អភិបាលស្តីទីខេត្តពោធិ៍សាត់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាលក្នុងតំបន់ចុះបញ្ជីដីធ្លី

ខេត្តពោធិ៍សាត់ ៖ លោក ចេង ឡៃ អភិបាលនៃគណៈអភិបាលស្តីទីខេត្តពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យសម្រាប់នីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លី ឃុំរាំងទិល ស្រុកកណ្តៀង ឃុំកំពង់លួង ស្រុកក្រគរ និងឃុំបឹងបត់កណ្តោល ស្រុកបាកាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត នៅសាលប្រជុំរបស់មន្ទីរ។

លោក ចេង ឡៃ អភិបាលនៃគណៈអភិបាលស្តីទីខេត្តពោធិ៍សាត់ បានលើកឡើងថា យោងតាមសេចក្តីសម្រេចលេខ០៨៨-០៨៩-០៩០ សសរ .ព.ស ចុះថ្ងៃទី៤ខែសីហា ឆ្នាំ២០២២របស់រដ្ឋបាលខេត្តស្តីពីការបង្កើតគណៈកម្មការរដ្ឋបាល ក្នុងតំបន់ធ្វើការវិនិច្ឆ័យសម្រាប់នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដែលមានរូប លោក ចេង ឡៃ អភិបាលរងខេត្តជាប្រធាន គណៈអភិបាលស្រុក ប្រធានការិយាល័យភូមិបាលស្រុក និងលោក លោកស្រី មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យភូមិជាសមាជិក។

គណៈកម្មការរដ្ឋបាលដូចបានចែងមានតួនាទី ភារកិច្ច ធានាដល់ការកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីធ្លី ឈានទៅគ្រប់
គ្រងលើការចុះបញ្ជីដែលមានលក្ខណៈជាប្រព័ន្ធក្នុងឃុំរាំងទិល ស្រុកកណ្តៀង ឃុំកំពង់លួង ស្រុកក្រគរ និងឃុំបឹងបត់បណ្តោល ស្រុកបាកាន។ ជាមួយគ្នានោះធ្វើជាសេនាធិការឲ្យរដ្ឋបាលខេត្ត ស្រុក និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយបានចែកចេញជា ៥ដំណាក់កាល គឺត្រៀបរៀបចំកំណត់តំបន់ ប្រតិបត្តិការចុះវាស់វែង បិទប្រកាសផ្សាយជាសាធារណៈ សម្រេចលើឯកសារវិនិច្ឆ័យរបស់រដ្ឋបាលខេត្តនិងចុងក្រោយចេញប័ណ្ណជូនម្ចាស់ដី។

លោកបានលើកឡើងទៀតថា ដើម្បីឲ្យកិច្ចដំណើរការទៅមានភាពល្អប្រសើរនោះ គណកម្មការរដ្ឋបាល ដែលមានលេខាធិការដ្ឋានស្ថិតក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានភារកិច្ចទទួលខុសត្រូវក្នុងការរៀបចំរបៀបវារៈប្រជុំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ធ្វើការវិនិច្ឆ័យធ្វើការពន្យល់ណែនាំអំពីដំណើរការ ឆ្លើយនូវសំនួរឬចម្ងល់និងបំភ្លឺអំពីសិទ្ធិស្របច្បាប់លើអចលនវត្ថុ។ ត្រូវកំណត់ឲ្យបានច្បាស់ អំពីអត្តសញ្ញាណដូចជាដីវត្តអារាម សាលារៀន ទីសាធារណៈ សាលាឃុំ ភូមិ ផ្លូវ ប្រឡាយ ស្ទឹង បឹង ព្រែកជាក់ស្តែងនៃទីតាំងដីនិមួយៗ បើមានករណីទំនាស់វិវាទត្រូវដោះស្រាយឲ្យបានចប់សព្វគ្រប់។ ទិន្នន័យដែលក្រុមការងារប្រមូលបានត្រូវបញ្ចូលក្នុងកំព្យូទ័រចាត់ទុកជាឯកសារផ្លូវការតាមច្បាប់ ចំពោះក្បាលដីណាមិនទាក់ទងនឹងវិវាទ ឯប័ណ្ណដីឬអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈនិង ឯកជនត្រូវប្រគល់ឲ្យម្ចាស់ដីស្របច្បាប់ជាអ្នកទទួលយកនិងរក្សាទុក ។

លោក សង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅគណៈកម្មការ រដ្ឋាបាលពិតជាទទួលបាននូវចំណេះដឹងនិងចូលរួមសហការណ៍ល្អលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានប្រសិទ្ធិភាពនិង តម្លាភាព ៕ ចេង ពុំ

ads banner