អង្គការណាតូត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើអន្តរាគមន៍នៅកូសូវ៉ូ

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលធិនប៊ឺក បានថ្លែងថា ប្រសិនបើស្ថិរភាពត្រូវបានគំរាមកំហែងនោះ កងកម្លាំងរក្សាសន្តិភាពអន្តរជាតិដឹកនាំដោយណាតូនៅកូសូវ៉ូ (KFOR) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ហើយនឹងចាត់វិធានការដែលចាំបាច់ ដើម្បីធានាឲ្យបាននូវបរិយាកាសសុវត្ថិភាព និងសន្តិសុខ ក៏ដូចជាសេរីភាពនៃការធ្វើចលនាសម្រាប់ប្រជាជនកូសូវ៉ូទាំងអស់។

ក្នុងកំឡុងធ្វើសន្និសិទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីស៊ែប៊ីលោក អាឡិចសាន់ឌឺ វូស៊ីក នៅថ្ងៃពុធសប្តាហ៍នេះ លោក ស្តូលធិនប៊ឺក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកថា អង្គការណាតូនឹងធ្វើអន្តរាគមន៍ ប្រសិនបើស្ថិរភាពត្រូវបានបំផ្លាញនៅកូសូវ៉ូ ។

លោក ស្តូលធិនប៊ឺក នឹងជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីកូសូវ៉ូ លោក អាល់ប៊ីន ឃឺទី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោក វូស៊ីក និងលោក ឃឺទី នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រស្អែក ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីបន្តកិច្ចសន្ទនា។

ភាពតានតឹងរវាងស៊ែប៊ី និងកូសូវ៉ូកំពុងកើនឡើងខ្ពស់ បន្ទាប់ពីកូសូវ៉ូអនុម័តច្បាប់ដែលតម្រូវឲ្យជនជាតិស៊ែប៊ីផ្លាស់ប្តូរលិខិតឆ្លងដែនរបស់ពួកគេ សម្រាប់ឯកសារពិសេសដែលចេញដោយកូសូវ៉ូ និងប្តូរស្លាកលេខយានយន្តស៊ែប៊ីទៅជាស្លាកលេខដែលចេញនៅកូសូវ៉ូ។

ការប្រកាសច្បាប់ថ្មីនេះដែរ កើតឡើងស្របពេលប៉ូលិសពិសេសប្រដាប់អាវុធធុនធ្ងន់គ្រប់គ្រងច្រកព្រំដែនចំនួនពីរជាមួយស៊ែប៊ី ដែលជាហេតុនាំឲ្យជនជាតិស៊ែប៊ីក្នុងតំបន់ធ្វើការបិទផ្លូវដើម្បីតវ៉ា ហើយរដ្ឋាភិបាលស៊ែប៊ីរបស់លោក វូស៊ីក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាកប្បកិរិយារបស់រដ្ឋាភិបាលកូសូវ៉ូ៕ ប្រភព៖ RT

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner