ចិនប្រកាសបញ្ជូនកងទ័ពទៅចូលរួមសមយុទ្ធ “Vostok 2022” នៅរុស្ស៊ី
ប៉េកាំង៖ ក្រសួងការពារជាតិចិន នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា កងកម្លាំងចិននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសមយុទ្ធយោធាពហុភាគី “Vostok 2022” ដែលដឹកនាំដោយប្រទេសម្ចាស់ផ្ទះ ហើយក្នុងនោះមានទាំងឥណ្ឌា បេឡារូស ម៉ុងហ្គោលី តាហ្ស៊ីគីស្ថាន និងប្រទេសដទៃទៀត។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីចុងខែកក្កដាកន្លងទៅថា សមយុទ្ធយោធាពហុភាគី Vostok 2022 នឹងប្រព្រឹត្តទៅនៅទីតាំងចំនួន១៣ នៅភាគខាងកើតប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញាខាងមុខ។ ក្រសួងនិយាយថា យោធាបរទេសក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ប៉ុន្តែមិនបានបញ្ជាក់ថាតើមានប្រទេសណាខ្លះនោះទេ។
ក្រសួងការពារជាតិចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធយោធាពហុភាគីខាងលើនេះ គឺមិនទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្នទេ។ ក្រសួងបន្តថា ការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធនេះដែរ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីដែលកំពុងបន្តជាមួយរុស្ស៊ី។
បើតាមសេចក្តីថ្លែងការណ៍ គោលបំណងចូលរួម គឺធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពជាមួយកងទ័ពនៃបណ្តាប្រទេសដែលចូលរួម, បង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងចំណោមភាគីដែលចូលរួម និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ៕ ប្រភព៖ CNA





