កម្មករតែបង់ក្លាដែស ធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ
កម្មករតែបង់ក្លាដែសបានធ្វើកូដកម្មជិត២សប្តាហ៍ហើយ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ ស្របពេលអតិផរណាកំពុងកើនឡើង។
ពួកគេ និយាយថា ប្រាក់ឈ្នួលប្រចាំថ្ងៃបច្ចុប្បន្នគឺ១២០តាកា(ប្រហែល១,២៥ដុល្លារ) ស្ទើរតែមិនគ្រប់សម្រាប់ទិញម្ហូបអាហារផង កុំថាឡើយចំណាយទៅលើអ្វីដែលចាំបាច់ដូចសុខភាពនិងការអប់រំជាដើម។
លោក Anjana Bhuyian អ្នករើសស្លឹកតែ បានប្រាប់សារព័ត៌មានAFP ថា៖«បច្ចច្បន្ននេះ យើងមិនអាចលៃលកទិញអង្ករសម្រាប់គ្រួសាររបស់យើងដោយប្រាក់ឈ្នួលនេះទេ»។
លោកBhuyianមានវ័យ៥០ឆ្នាំ បាននិយាយថា៖«ប្រាក់ឈ្នួល១ថ្ងៃ មិនអាចទិញប្រេងសម្រាប់ធ្វើម្ហូបអាហារបាន១លីត្រផង។
កូដកម្មរបស់កម្មករតែ បានក្លាយជាចំណុចជួបជុំមួយសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសមានប្រជាជន១៦០លាននាក់ ខណៈដែលអតិផរណាកំពុងកើនឡើង និងតម្លៃម្ហូបអាហារខ្ពស់បន្ថែមទៅលើការបំពេញចិត្តកាន់តែខ្លាំងឡើងចំពោះប្រាក់ទាបបែបនេះ។
ប្រជាជនរាប់ពាន់នាក់ បានឡើងទៅតាមដងផ្លូវនានា ក្រោយពីតម្លៃប្រេងឥន្ធនៈកើនឡើងជាង៥០ភាគរយកាលពី២សប្តាហ៍កន្លងទៅ។
កាលពីថ្ងៃអាទិត្យ អ្នកតវ៉ា បានបិទផ្លូវហាយវេ Sylhet-Dhakaខណៈដែលពួកគេបង្កើនការធ្វើកូដកម្ម។
សហជីពកម្មករកំពុងទាមទារការដំឡើងប្រាក់ឈ្នួល១៥០ភាគរយ(៣០០តាកាឬ ៣,១៥ភាគរយក្នុង១ថ្ងៃ)។ កម្មករចំការតែស្ថិតនៅក្នុងចំណោមអ្នកទទួលបានប្រាក់ខែទាបបំផុតនៅប្រទេសបង់ក្លាដែស។
Sitaram Bin សមាជិកគណៈកម្មាធិការម្នាក់នៃសហជីពតែបង់ក្លាដែសកាលពីថ្ងៃទី១៣សីហា៖«កម្មករតែជិត១៥ម៉ឺននាក់ បានចូលកូដកម្ម»។
លោកបានប្រាប់សារព័ត៌មាន AFPថា៖«គ្មានកម្មករតែណាម្នាក់ នឹងរើសស្លឹកតែ ឬ ធ្វើការនៅក្នុងរោងចក្រកែច្នៃស្លឹកតែទេ ប្រសិនបើអាជ្ញាធរមិនដំឡើងប្រាក់ឈ្នួលតាមការទាមទាររបស់យើងទេនោះ។
សហជីព បានបដិសេធការផ្តល់ឱ្យរបស់រដ្ឋាភិបាល២៥ភាគរយក្នុងការដំឡើងប្រាក់ឈ្នួលក្នុង១ថ្ងៃ។
ម្ចាស់ចំការតែបានដំឡើងប្រាក់ឈ្នួល១៤តាកាក្នុង១ថ្ងៃ ក្រោយពីដំឡើង១៨តាកាកាលពីឆ្នាំមុន។
ម្ចាស់ចំការទាំងនោះនិយាយថា ពួកគេបានឆ្លងកាត់ពេលវេលាដ៏លំបាកយ៉ាងយូរ ដោយប្រាក់ចំណេញធ្លាក់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
សមាគមម្ចាស់ចំការតែបានប្រាប់សារព័ត៌មាន Al Jazeeraថា៖«ជាការពិតណាស់ អ្វីដែលពួកគេកំពុងនិយាយមិនត្រឹមត្រូវទេ។ យើងផ្តល់ជំនួយថ្នាំពេទ្យ អត្ថប្រយោជន៍ចូលនិវត្តន៍ រួមជាមួយរបបអាហារប្រចាំសប្តាហ៍និងលទ្ធភាពទទួលការអប់រំបឋមសិក្សាសម្រាប់ក្មេងៗ។ សមាគមនេះ បានបន្ថែមប្រហែល៤ដុល្លារក្នុង១ថ្ងៃ»។
M Shah Alom ប្រធានសមាគមតែបង់ក្លាដែស បាននិយាយថា ម្ចាស់ចំការតែបានឆ្លងកាត់ការលំបាកយ៉ាងខ្លាំងដោយប្រាក់ចំណេញបានធ្លាក់ចុះកាលពីពេលថ្មីៗនេះ។
លោកបានថ្លែងប្រាប់សារព័ត៌មានAFPថា៖«ថ្លៃដើមផលិតកម្មកំពុងកើនឡើង។ការចំណាយរបស់យើងកើនឡើងដោយសារតម្លៃហ្គាស ជី និងប្រេងឥន្ធនៈបានកើនឡើងខ្លាំង»។
មនុស្សជិត១៥ម៉ឺននាក់ធ្វើការនៅចំការតែជាង២០០នៅក្នុងប្រទេសបង់ក្លាដែសភាគច្រើនស្ថិតនៅក្នុងតំបន់ Sylhet ភាគខាងជើងនៃប្រទេសនេះ។
បង់ក្លាដែសគឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតតែធំៗបំផុតក្នុងពិភពលោក ដោយនាំចេញតែទៅកាន់ជាង២០ប្រទេសក្នុងនោះមានអាមេរិក ចក្រភពអង់គ្លេស និងបារាំង។
ប៉ុន្តែអ្នករើសស្លឹកតែ ភាគច្រើននៃពួកគេគឺជាស្ត្រី ធ្វើការងារច្រើនម៉ោង ហើយទទួលបានប្រាក់ឈ្នួលទាបនៅក្នុងប្រទេសនេះ៕
ប្រភព៖ Aljazeera