កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាថ្មី ចំពេលគំរាមកំហែងពីកូរ៉េខាងជើង
ក្រុមមន្ត្រីនៃប្រទេសទាំង២និយាយថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ខ្លួនឡើងវិញកាលពីថ្ងៃចន្ទ ខណៈដែលសម្ព័ន្ធមិត្តទាំង២ស្វែងរកការរឹតបន្តឹងការត្រៀមខ្លួនផ្នែកយោធាទប់ទល់នឹងកូរ៉េខាងជើង។
សមយុទ្ធUlchi Freedom Shield ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញាធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk-yeol) បានប្តេជ្ញាថានឹងធ្វើប្រក្រតីកម្មលើ សមយុទ្ធរួម និងជំរុញការទប់ទល់ប្រឆាំងនឹងកូរ៉េខាងជើង។
សមយុទ្ធនេះធ្វើឡើងចំពេលមានការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េជាថ្មី បន្ទាប់ពីការខកខានទ្រង់ទ្រាយធំជាច្រើនឆ្នាំតាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅកាន់ដំណែង។
កម្មវិធីហ្វឹកហ្វឺននៃសមយុទ្ធ មានការចូលរួមពីទាហានរាប់ពាន់នាក់ និងរួមបញ្ចូលគ្នាទាំងទ័ពជើងទឹក ដី និងអាកាស ហើយផ្ដោតលើការវាយប្រហាររួមគ្នា ការពង្រឹងអង្គភាពជួរមុខ និងការឆ្លើយតបនឹងអាវុធប្រល័យលោកជាដើម។
ការបន្តធ្វើសមយុទ្ធឡើងវិញ បង្ហាញថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានកងទ័ពចំនួន ២៨ ៥០០ នាក់នៅកូរ៉េខាងត្បូងត្រឡប់ទៅរកការបង្ហាញកម្លាំងយោធារួមបញ្ចូលគ្នារបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបន្តការសាកល្បងមីស៊ីលផ្លោងឡើងវិញ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា៖ «សារៈសំខាន់នៃសមយុទ្ធរួមនេះ គឺការកសាងឡើងវិញនូវសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក និងការពង្រឹងជំហរការពារជាតិរួមគ្នាដោយការធ្វើឱ្យធម្មតានូវសមយុទ្ធរួមនិងការហ្វឹកហ្វឺនលើទីលានប្រយុទ្ធ»។
លោក យូន និយាយថា សមយុទ្ធមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនរបស់ប្រទេស ដើម្បីផ្គូផ្គងលំនាំនៃសង្រ្គាមដែលមានការផ្លាស់ប្ដូរ។ លោកប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយអំពាវនាវឱ្យធ្វើសមយុទ្ធហ្មត់ចត់ ដោយផ្អែកលើសេណារីយ៉ូក្នុងពិភពពិត ថា៖ «ការរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺត្រូវបានបង្កើតឡើងនៅលើជំហរសន្តិសុខអាកាសរបស់យើង»។
សមយុទ្ធUlchi Freedom Shield គឺជាសមយុទ្ធដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៧។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំហំនៃសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានកាត់បន្ថយដោយសារតែជំងឺរាតត្បាតកូវីដ-១៩និងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីឱ្យកូរ៉េខាងជើងយល់ព្រមលើការរំសាយនុយក្លេអ៊ែរ។
លោក ត្រាំនិងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន (Moon Jae-in)បានជួបពិភាក្សាជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន(Kim Jong Un)ហើយបន្ថយនូវកិច្ចសហប្រតិបត្តិការយោធាសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។
ទោះយ៉ាងណាក៏ដោយ កន្លងមកទីក្រុងព្យុងយ៉ាងហៅសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ថាជាការហាត់សមសម្រាប់ការឈ្លានពាន។ សមយុទ្ធទ្រង់ទ្រាយធំលើកនេះ គឺជាការចាកចេញពីគោលនយោបាយសម្របសម្រួលជាមួយកូរ៉េខាងជើង ដែលបាញ់មីស៊ីលគ្រូស ២ គ្រាប់នៅសប្ដាហ៍មុនពីឆ្នេរសមុទ្រភាគខាងលិច បន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។
មន្ត្រីទីក្រុងសេអ៊ូលនិយាយថាកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលច្រើនដង មិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់ខ្លួន នៅពេលណាក៏បាន។
លោក យូន និយាយថា រដ្ឋាភិបាលរបស់លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ច ប្រសិនបើទីក្រុងព្យុងយ៉ាង ចាត់វិធានការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែកូរ៉េខាងជើងបដិសេធសំណើរបស់លោក ដោយរិះគន់ទាំងបើកចំហ។
ទន្ទឹមនឹងការបដិសេធនេះ លោក គីម ជុងអ៊ុនធ្លាប់និយាយថា ប្រទេសរបស់លោក «ត្រៀមខ្លួនជាស្រេចដើម្បីចល័ត» គ្រាប់ដើរដោយនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសង្គ្រាមណាមួយជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីខែមុន លោកChoe Jin អនុប្រធានស្ថាប័នស្រាវជ្រាវមួយ ដែលគ្រប់គ្រងដោយក្រសួងការបរទេសកូរ៉េខាងជើង និយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងប្រឈមមុខនឹងបញ្ហាសន្តិសុខ«ដែលមិនធ្លាប់មានពីមុនមក» លុះត្រាតែពួកគេបោះបង់ចោល«ជំហរយោធាអរិភាព» ប្រឆាំងនឹងកូរ៉េខាងជើង រួមទាំង សមយុទ្ធរួមគ្នា។
ទាក់ទងនឹងសមយុទ្ធថ្មី លោក Soo Kimអ្នកវិភាគគោលនយោបាយនៅក្រុមហ៊ុនស្រាវជ្រាវRAND Corporationនិយាយប្រាប់កាសែតវ៉ាស៊ីនតោនបុស្តិ៍ថា៖ «សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រំពឹងថានឹងធ្វើសមយុទ្ធ ដើម្បីទាញប្រតិកម្មខឹងសម្បារពីកូរ៉េខាងជើង។លោក គីម បានបើកផ្លូវ និងដាក់ហេតុផលសម្រាប់ការបង្កហេតុរួចហើយ។នៅចំពោះមុខកូរ៉េខាងជើងដែលកាន់តែឆេវឆាវហើយមិនចូលចិត្តការសន្ទនាការដោះស្រាយជាមួយរបបរបស់លោក គីម ហាក់ដូចជាតូចចង្អៀតខ្លាំងណាស់នៅចំណុចនេះ»។
ទន្ទឹមនឹងនេះ អ្នកជំនាញខ្លះព្រមានថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូងមានភាពប្រថុយប្រថាន ដែលរួមចំណែកដល់ការប្រែប្រួលនៃបរិយាកាសសន្តិសុខក្នុងតំបន់ ដោយសារការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់អាមេរិកជាមួយចិនកាន់តែខ្លាំង ហើយទីក្រុងប៉េកាំងបង្កើនការគំរាមកំហែងផ្នែកយោធា ប្រឆាំងនឹងតៃវ៉ាន់។
លោកHong Min សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ ក្នុងទីក្រុងសេអ៊ូលនិយាយប្រាប់កាសែតវ៉ាស៊ីនតោនបុស្តិ៍ថា៖ «ខណៈដែលសមយុទ្ធរបស់សម្ព័ន្ធមិត្តផ្តោតលើការគំរាមកំហែងរបស់កូរ៉េខាងជើង ពួកគេមានសមត្ថភាពចម្រុះដែលអាចប្រើប្រាស់បាន បន្ទាប់ពីការកើនឡើងនៃភាពតានតឹងនៅអាស៊ី»។
ការត្រៀមរៀបចំសម្រាប់សមយុទ្ធនេះ បានចាប់ផ្តើមកាលពីសប្តាហ៍មុនជាមួយនឹងសមយុទ្ធបឋមរវាងកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង។លើសពីនេះ កាលពីដើមខែនេះ សហរដ្ឋអាមេរិក ក៏បានធ្វើសមយុទ្ធការពារមីស៊ីលផ្លោងជាមួយកូរ៉េខាងត្បូង និងជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ នៅកោះហាវ៉ៃដែលបង្ហាញឱ្យឃើញបន្ថែមទៀត ពីរបៀបដែលសម្ព័ន្ធមិត្ត កំពុងស្វែងរកការសហការគ្នាក្រោមមេដឹកនាំថ្មីរៀងៗខ្លួន។
ប្រភព៖ Reuters