ជប៉ុនពង្រីកការដាក់ពង្រាយមីស៊ីល នៅតាមកោះដែលស្ថិតនៅជិតតៃវ៉ាន់
ជប៉ុនជាខ្លាអាស៊ីដ៏មានឥទ្ធិពលបំផុតក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា ក៏ដូចជាវិស័យយោធា និងជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក តែងបានលាតត្រដាងនូវផែនការពង្រឹងវិស័យការពារជាតិ ដោយយកលេសពីការប្រឈមការគំរាមកំហែងពីសំណាក់ប្រទេសកុម្មុនីសកូរ៉េខាងជើង និងភាពតានតឹងនៅតៃវ៉ាន់។
បន្ថែមពីលើក្តីកង្វល់ពីការបាញ់មីស៊ីសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងម្តងហើយម្តងទៀត ភាពតានតឹងនៅកោះតៃវ៉ាន់កាន់តែខ្លាំងឡើង បានជំរុញឱ្យប្រទេសមានសេដ្ឋកិច្ចលេខបីក្នុងពិភពលោកនេះ បង្ហាញផែនការពង្រាយមីស៊ីប៉ាញ់រយៈចំងាយឆ្ងាយរហូតដល់ជាង១០០០ដើម នៅតាមដីគោក និងកោះមួយចំនួន ដែលជាប្រឹងប្រែងដើម្បីបន្ថយគម្លាតចំនួនមីស៊ីប្រៀបធៀបនឹងប្រទេសចិន ដែលជាគូប្រជែងភូមិសាស្រ្តនយោបាយជាមួយអាមេរិកផង និងជប៉ុនខ្លួនឯងផង។
កោះ Kyushu ដែលស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន និងកោះ Nansei ដែលស្ថិតនៅតែក្នុងមហាសមុទ្រនៅពាក់កណ្តាលរវាងជប៉ុននិងតៃវ៉ាន់ គឺជាគោលដៃនៃការពាក់មីស៊ីលរយៈចំងាយឆ្ងាយដែលអាចបានបាញ់រហូតចម្ងាយពី ៥០០គីឡូម៉ែត្រទៅ៥៥០០គីឡូម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Yomiuri កាលពីថ្ងៃអាទិត្យទី២១ខែសីហា។
តាមរយៈផែនការដំឡើងឃ្លាំងមីស៊ីលនៅតាមកោះនិងដីគោក ប្រទេសជប៉ុនកំពុងស្វែងរកការកាត់បន្ថយគម្លាតចំនួនទីតាំងមីស៊ីល ជាមួយប្រទេសចិន ដែលមានមីស៊ីលប្រហែល ៣០០ នៅតំបន់សមុទ្រ និង១៩០០ទីតាំងត្រូវបានដំឡើងនៅលើដី។
កាសែត Yomiuri បានរាយការណ៍ថា ប្រទេសជប៉ុនក៏មានគម្រោងធ្វើឱ្យប្រសើរឡើង និងពង្រីកសមត្ថភាពនៃប្រភេទមីស៊ីលបាញ់ពីដីគោកប្រឆាំងកប៉ាល់ ប្រភេទ12 ដែលផលិតក្នុងស្រុក ដោយក្រុមហ៊ុនឧស្សាហកម្មធន់ធ្ងន់Mitsubishi កាលឆ្នាំ២០១២ ដែលត្រូវបានដាក់ពង្រាយដោយកងកម្លាំងស្វ័យការពារដី ដើម្បីវាយប្រហារវត្ថុដែលមានចម្ងាយជាង ១០០០គីឡូម៉ែត្រ។
របាយការណ៍បានបន្ថែមថា សព្វាវុធដែលនឹងត្រូវដាក់ពង្រាយនិងពង្រីកសមត្ថភាពនោះនឹងមានសមត្ថភាពបាញ់កប៉ាល់ និងបាញ់យន្តហោះ នឹងធ្វើឲ្យឆ្នេរសមុទ្រចិន និងកូរ៉េខាងជើងស្ថិតនៅចម្ងាយដែលអាចបាញ់ដល់។
កាសែត The Japanese Times បានរាយការណ៍ថា ដើម្បីទទួលបានអាវុធនៅដំណាក់កាលដំបូង ក្រសួងការពារជាតិអាចរួមបញ្ចូលសំណើសម្រាប់ពួកគេ នៅពេលដែលខ្លួនបង្ហាញសំណើថវិកាដំបូងរបស់ខ្លួនសម្រាប់សារពើពន្ធឆ្នាំ ២០២៣ ដែលត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅចុងខែនេះ។
របាយការណ៍ចុងក្រោយបំផុតស្តីពីទំហំឃ្លាំងស្តុកមីស៊ីល របស់ជប៉ុនដ៏មានសក្ដានុពលធ្វើ ឡើង បន្ទាប់ពីសមយុទ្ធយោធានាពេលថ្មីៗនេះរបស់ចិននៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បានទៅទស្សនាកោះនេះ។ ទោះជាបែបណា នាយកដ្ឋរដ្ឋមន្ត្រីជប៉ុនធ្លាប់បានលើកឡើងពីការគំរាមកំហែងខ្លាំងផ្នែកសន្តិសុខនៅកោះតៃវ៉ាន់ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅទៀត។
ក្នុងកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនាឆ្នាំនេះ នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីសិដា (Fumio Kishida) បានប្រកាសពីផែនការលើកកម្ពស់សមត្ថភាពយោធា និងជួបបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍លើបញ្ហាសន្តិសុខផ្លូវសមុទ្រ។
លោក និយាយថា៖«បញ្ហាអ៊ុយក្រែនអាចជាបញ្ហានៅអាស៊ីបូព៌ានៅថ្ងៃអនាគត» ដោយស្នើថា បញ្ហាតៃវ៉ាន់អាចគំរាមកំហែងដល់សន្តិភាពនៅទូទាំងអាស៊ីបូព៌ា។ បន្ទាប់មក លោក គីសិដា បានបញ្ជាក់យ៉ាងច្បាស់ថា ជាធម្មតាទីក្រុងតូក្យូមានផែនការទិញអាវុធប្រឆាំង ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន។ នេះយោងតាមការផ្សាយរបស់ VoA ជាភាសាអង់គ្លេស។
នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសពីការផ្តល់ជំនួយសន្តិសុខសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានទំហំទឹកប្រាក់២ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំខាងមុខ ដោយផ្តោតលើសកម្មភាពពង្រឹងទូកល្បាត និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមសមុទ្រ ខណៈពេលដែលការវិនិយោគលើធនធានមនុស្សចាំបាច់ ដូចជាការបណ្តុះបណ្តាល និងការអប់រំ។ នេះបើផ្អែកតាម The Japanese times បណ្តាញសារព័ត៌មានមានមូលដ្ឋាននៅប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ លោក គីសិដា ដែលរដ្ឋបាលរបស់ខ្លួនកំពុងរៀបចំធ្វើសេចក្តីព្រាងគោលនយោបាយសន្តិសុខជាតិថ្មី បានរំលឹកឡើងវិញនូវផែនការរបស់ទីក្រុងតូក្យូក្នុងការជំរុញការចំណាយលើវិស័យការពារជាតិ និងបន្តពង្រឹងសមត្ថភាពយោធារបស់ប្រទេស។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានពិពណ៌នាផែនការរបស់រដ្ឋាភិបាលលោកថា៖«ចាំបាច់បំផុត» ប្រសិនជប៉ុនត្រូវតែរស់រានមានជីវិតក្នុងសករាជថ្មី។
លោក បន្តថា៖«ខ្ញុំនឹងស្វែងរកការកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយស្ថិរភាពតាមរយៈការសន្ទនា មិនមែនការប្រឈមមុខដាក់គ្នានោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ យើងត្រូវតែត្រៀមខ្លួនសម្រាប់ការលេចចេញនូវអង្គភាពដែលជាន់ឈ្លីសន្តិភាព និងសន្តិសុខរបស់ប្រទេសដទៃដោយការគំរាមកំហែងដោយកម្លាំង ដោយមិនគោរពច្បាប់។ ជាមធ្យោបាយនៃការទប់ស្កាត់ស្ថានភាពបែបនេះ និងការការពារខ្លួនយើង យើងត្រូវពង្រឹងការរារាំង និងការឆ្លើយតបរបស់យើង»។
លោក នាយករដ្ឋមន្ត្រី គីសិដា បានប្តេជ្ញាថានឹងជំរុញការចំណាយលើវិស័យការពារជាតិកាន់តែច្រើន ដែលត្រូវបានរក្សាទុកជិតប្រហែល១ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថាក្រសួងការពារជាតិរបស់ប្រទេសជប៉ុនទំនងជានឹងស្នើសុំ ៥,៥ពាន់ពាន់លានយ៉េន (ជាង៤០ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ កើនឡើងបន្តិចពី ៥,១៨ ពាន់ពាន់លានដែលបានស្នើសុំសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។
កាសែត Asahi Shimbun បាននិយាយថា ប៉ុន្តែក្រសួងក៏ត្រូវបានគេរំពឹងថានឹងស្នើសុំការយល់ព្រមសម្រាប់បញ្ជីនៃសម្ភារៈយោធាមិនដាក់តម្លៃ រួមទាំងការចំណាយលើការអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ៕
ប្រភព៖ Japan Times