សាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសទៅលើក្រុមយុវជនខ្មែរថាវរៈ និងបក្ខពួក

ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសទៅលើក្រុមយុវជនខ្មែរថាវរៈ និងយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន១០រូប ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយដាក់អ្នកទាំងនេះឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរហូតដល់ចុងឆ្នាំ២០២៣។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

តុលាការបានបដិសេធបណ្តឹងឧទ្ធរណ៍របស់កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ដែលជាសមាជិកក្រុមយុវជនខ្មែរថាវរៈ។ បដិសេធបណ្តឹងឧទ្ធរណ៍របស់លោក កើត សារាយ លោក មួង សុភ័ក្ត្រ និងលោក មាន ព្រហ្មមុនី ដែលជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងបដិសេធបណ្តឹងឧទ្ធរណ៍របស់លោក គង់ សំអាន លោក ឈួរ ផេង និងលោកជុំ ពុទ្ធី ដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ។

សូមរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសកម្មជនទាំង១០នាក់ ឱ្យជាប់ពន្ធនាគារចំនួន២០ខែ ដោយព្យួរទោសពី៥ ទៅ៦ខែ និងពិន័យជាប្រាក់២លានរៀល (៥០០ដុល្លារ) ក្នុងមួយនាក់ៗ ពីបទញុះញង់ កាលពីខែតុលា ឆ្នាំ២០២១។

គួរបញ្ជាក់ថា កញ្ញា ឈឿន ដារ៉ាវី និងលោកហ៊ុន វណ្ណៈ ដែលមកពីក្រុមយុវជនខ្មែរថាវរៈ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៥ខែ។ លោកឈួរ ផេង និងលោកជុំ ពុទ្ធី ដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានតុលាការផ្តន្ទាទោសពន្ធនាគារចំនួន១៥ខែ ដែរ ។ រីឯលោកគង់ សំអាន កើត សារាយ មួង សុភ័ក្ត្រ មាន ព្រហ្មមុនី ថា ឡាវី និងអេង ម៉ាឡៃ ត្រូវបានតុលាការផ្តន្ទាទោសចំនួន១៤ខែ។ អ្នកទាំងនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែសីហា និងកញ្ញា ឆ្នាំ២០២០ នៅពេលដែលអ្នកទាំងនោះប្រមូលផ្តុំគ្នាដឹកនាំធ្វើបាតុកកម្មនៅមុខតុលាការ ស្នើសុំឱ្យដោះលែងលោក រ៉ុង ឈុន។ ចំណែកសកម្មជនចំនួន៩នាក់ ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ពួកគេ ត្រូវបានតុលាការព្យួរទោសសាកល្បងចំនួន២ឆ្នាំ ដោយតម្រូវឱ្យជូនដំណឹងមកតុលាការនៅពេលដែលអ្នកទាំងនោះផ្លាស់ប្តូរទីលំនៅ ផ្លាស់ប្តូរមុខរបរ ឬចង់ចាកចេញពីប្រទេស និងលក្ខខណ្ឌដទៃទៀត។ លោក គង់ សំអាន ដែលត្រូវបានតុលាការផ្តន្ទាទោសពន្ធនាគារ ៧ឆ្នាំ ពីបទក្បត់ជាតិនៅក្នុងសំណុំរឿងមួយផ្សេងទៀត បានជាប់ពន្ធនាគារចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០៕
ដោយ៖ពលជ័យ

ads banner