ស្ពានអាកាស២ទីតាំងថ្មីទៀត នឹងបង្អួតរាងនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរជូនពលរដ្ឋ នាពេលឆាប់ៗនេះ
ភ្នំពេញ៖ ស្ពានអាកាស២ទីតាំងថ្មីទៀត នឹងបង្អួតរាងនៅក្នុងរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ ដើម្បីសម្រួលការកកស្ទះចរាចរ ពោលគឺនៅថ្ងៃទី ៣១ សីហា ឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស២ទីតាំងថ្មីនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ បើតាមកម្មវិធីដែលបានព្រៀងទុក នៅរសៀល៣០ សីហា ឆ្នាំ២០២២ខាងមុខនេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញ ក្នុងពិធីក្រុង ពាលី បញ្ចុះបឋមសិលាសាងសង់
ស្ពានអាកាសទាំង២ទីតាំងនេះ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយនៅព្រឹកថ្ងៃទី៣១ សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាស២ទីតាំងថ្មីនេះតែម្តង។
គម្រោងនៃការសាងសង់ស្ពានអាកាសទាំង២ព្រមៗជាមួយគ្នានេះធ្វើឡើង ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ទី១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)។ទី២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។
បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៨កន្លែង នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ហើយនៅពេលស្ពានអាកាស២នេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន១០ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ៕