អ៊ុយក្រែនទទួលស្គាល់ថា កងកម្លាំងខ្លួនប្រមាណ ៩ពាន់នាក់ស្លាប់ ចាប់តាំងពីរុស្ស៊ីផ្តើមសង្គ្រាម

កៀវ ៖ ឧត្តមសេនីយអ៊ុយក្រែនមួយរូប បានឱ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែនប្រហែល ៩,០០០នាក់រួចមកហើយ ចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមការលុកលុយជិត ៦ខែមុន ហើយការប្រយុទ្ធគ្នាក្នុងថ្ងៃចន្ទសប្តាហ៍នេះ មិនបានបង្ហាញសញ្ញាថា សង្រ្គាមកំពុងស្ងប់ស្ងាត់នោះទេ។

នៅក្នុងព្រឹត្តិការណ៍មួយរបស់អតីតយុទ្ធជន លោកឧត្តមសេនីយ Valerii Zaluzhnyi មេយោធាអ៊ុយក្រែន បានបញ្ជាក់ថា កុមារអ៊ុយក្រែនជាច្រើនត្រូវការការថែទាំជាចាំបាច់ ពីព្រោះឪពុករបស់ពួកគេបានទៅសមរភូមិជួរមុខ ហើយវីរបុរសជិត ៩,០០០នាក់ត្រូវបានសម្លាប់។

ស្របពេលជាមួយគ្នានេះដែរ មន្ត្រីយោធាអាមេរិកបានប៉ាន់ប្រមាណកាលពីរសប្តាហ៍មុនថា រុស្ស៊ីមានទាហានស្លាប់ និងរបួសចន្លោះពី ៧០,០០០ទៅ ៨០,០០០នាក់។ យ៉ាងណាមិញ សារព័ត៌មាន Al Jazeera មិនអាចបញ្ជាក់តួលេខនៅសមរភូមិបានទេ។

ដោយឡែកអង្គការសហប្រជាជាតិ ក៏បានឱ្យដឹងផងដែរថា ជនស៊ីវិល ៥,៥៨៧ នាក់ត្រូវបានសម្លាប់ និង ៧,៨៩០នាក់រងរបួស ក្នុងអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចំណែកឯទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះថា កុមារអ៊ុយក្រែនយ៉ាងតិច ៩៧២នាក់ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីរុស្ស៊ីផ្តើមឈ្លានពានលើអ៊ុយក្រែន៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner