សម្តេចតេជោ ហ៊ុន សែន បកស្រាយពីការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា កុំឱ្យយល់ច្រឡំទៀត
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបកស្រាយពីការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា កុំឱ្យយល់ច្រឡំទៀត ។
សម្ដេចតេជោ បានលើកឡើងដូចនេះ ក្រោយមានការរិះគន់ពីសំណាកក្រុមប្រឆាំង និងមនុស្សមួយចំនួន អំពីការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
សម្តេចបានបញ្ជាក់ថា ការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាមនេះ គឺដូចទៅនឹងការបើកបង្រៀនភាសាផ្សេងៗទៀតដូចជា ភាសាអង់គ្លេស បារាំង ចិន ជប៉ុន និងថៃផងដែរ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសិក្សា ឬចេះភាសាអ្វីក៏ដោយក៏មិនខាតដែរ ។ សម្តេចថា ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មករៀននៅកម្ពុជានោះទេ ផ្ទុយទៅវិញ ការបើកបង្រៀនភាសាវៀតណាម ដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ ៕ ដោយ វណ្ណលុក