ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ

ភ្នំពេញ៖ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ បានចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ និងបានកោតសរសើរកម្ពុជាចំពោះភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងរឹងមាំ ក្រោយវិបត្តិនៃជំងឺរាតត្បាតនេះ។ ថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់ឯកឧត្តមមានរយៈពេលខ្លី ប៉ុន្តែទស្សនកិច្ចនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការអរគុណរបស់ឯកឧត្តមចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាទៅលើពហុភាគីនិយម និងការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។

ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។

ឯកឧត្តម អ៊ុច បូរិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់របស់ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក្នុងនាមជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំដែលពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើន។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់លើរបាយការណ៍ «គោលដៅរួមរបស់យើង» របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធានាបានថា អង្គការសហប្រជាជាតិ នឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីទៅលើអាទិភាពក្នុងការដោះស្រាយតម្រូវការសកលដ៏បន្ទាន់បំផុតនានា រួមទាំងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរករបៀបវារៈនៃការអភិវឌ្ឍប្រកប ដោយចីរភាព ផងដែរ។

ឯកឧត្ដម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងក្រុមការងារអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក គណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និងយូនីសេហ្វ សម្រាប់ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រាប់ជំនួយរបស់អង្គការសហប្រជាជាតិដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ឯកឧត្ដម ក៏បានកោតសរសើរចំពោះទំនាក់ទំនងការងារដ៏ល្អរវាងកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង២៦ ដែលធ្វើការក្នុងវិស័យសុខាភិបាល សន្តិសុខស្បៀង បរិស្ថាន ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។ ខណៈពេលលើកឡើងអំពីការចូលរួមចំណែករបស់កម្ពុជាចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីទសវត្សរ៍ទី៩០ ទៅជាប្រទេសដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។

ឯកឧត្ដម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងទ័ពចំនួន ៨.៣០២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១១លើក នៅក្នុងប្រទេសចំនួន៩។ ឯកឧត្តមប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ បានសរសើរកម្ពុជាចំពោះការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដែលគួរតែយកធ្វើជាគំរូ។ ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឯកឧត្ដម អ៊ុច បូររិទ្ធ បានជម្រាបជូនឯកឧត្តម អាប់ឌូឡា សាហ៊ីដ អំពីការបញ្ចប់ទៅយ៉ាងជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ភាគីទាំងពីរ បានលើកឡើងអំពីលទ្ធភាព និងការសម្របសម្រួល ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។ ឯកឧត្តម អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាល់ឌីវ រួមមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ការគិតពិចារណាឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ និងការបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីស្វែងរកវិស័យប្រកបដោយសក្តានុពលភាពនានាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner