ក្រុមរថយន្ត Off Road កម្ពុជា បានមកដល់ប្រទេសថៃ ត្រៀមការប្រកួត Off Road ជាលក្ខណៈអន្តរជាតិ នៅខេត្តកានឆាណាក់បូរី
ប្រទេសថៃ- ក្រុមរថយន្ត OFF ROAD កម្ពុជា ចំនួន៣ក្រុម ស្មើរនឹង៩រថយន្ត បានមកដល់ខេត្ត ត្រាត ប្រទេសថៃ កាលពីម្សិលមិញដោយសុវត្តិភាព ត្រៀមចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD គំរប់២០ឆ្នាំ នៅខេត្តកាន់ឆាណាក់បុរី ដែលគ្រោងចាប់ផ្តើម ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។
លោក វង្ស គីមហួត សមាជិកក្រុមរថយន្ត OFF ROAD កម្ពុជា បានបញ្ជាក់ថា ការប្រណាំងរថយន្តអន្តរជាតិនេះ មាន៤ប្រទេសចូលរួម ម៉ាឡេស៊ី ឡាវ កម្ពុជា ថៃម្ចាស់ផ្ទះ ។ លោក បន្តថា កម្មវិធីប្រកួតនៅថ្ងៃទី២៥ មានការចុះឈ្មោះ ប្រជាុំបច្ចេកទេស ពិនិត្យរថយន្ត គ្រឿងមាស៊ីន ប្រព័ន្ធសុវត្តិភាពផ្សេងៗ ។ ថ្ងៃទី២៦ និងទី២៧ – ២៨ ចាប់ផ្តើមប្រណាំង លើវិញ្ញាសា ឯកត្តជន វិញ្ញាសា UTV និងវិញ្ញាសាជាក្រុម ។
លោក ព្រុំ រស្មី ប្រធានក្រុមរថយន្ត Off Road កម្ពុជា បញ្ជាក់ថា ការប្រណាំងខាងលើនេះ គឺជាវិញ្ញាសាថ្មីមួយ និងប្លែកសម្រាប់កម្ពុជា ដោយសារកន្លងមកគឺយើងលេងជាវិញ្ញាសាឯកត្តជន ប៉ុន្តែកម្មវិធីប្រណាំងនៅថៃ ត្រូវលេងជាក្រុម ដូច្នេះទាមទារអោយកីឡាករទាំងអស់ត្រូវសាមគ្គីគ្នា និងសហការគ្នាជាក្រុម ទោះបីមានអ្នកខ្លាំង និងអ្នកខ្សោយក៏ដោយក៏ត្រូវលេងជាលក្ខណក្រុម ដើម្បីអោយការប្រណាំងឈានទៅដល់ទីជាក្រុម ទើបទទួលបានជ័យជំនះ ។
ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD ឆ្នាំ២០២២នេះ រៀបចំដោយប្រទេសថៃ ការចូលរួមរបស់កម្ពុជា គឺចង់រិតចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសជិតខាង ពិសេស ចង់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាក៏ជាមានធនធានកីឡាករ ក្នុងវិស័យកីឡារថយន្ត OFF ROAD ផងដែរ ។ ហើយកម្ពុជា នឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពី លេខ១ដលលេខ១ ពីការប្រណាំងកម្រិតអន្តរជាតិមួយនេះ។ នេះជាការបញ្ជាក់បន្ថែមពីលោក ព្រុំ រស្មី ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២២ មាន៤ប្រទេសចូលរួម គឺឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃម្ចាស់ផ្ទះ និងមានរថយន្តសរុបចូលរួមប្រណាំងប្រមាណជាជាង១០០គ្រឿង ក្នុងនោះកម្ពុជាមាន៣ក្រុមចូលរួម មានក្រុមខេមបូ 4×4 , ក្រុម VKH និងក្រុមគោព្រៃមណ្ឌលគិរី ៕ ចាន់ វិចិត្រ