អឺរ៉ុបនឹងពិភាក្សាលើការបង្កើតកម្មវិធីបង្វឹកកងទ័ពអ៊ុយក្រែន នៅសប្តាហ៍ក្រោយ
ព្រុចសែល៖ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយថា ប្លុកនេះបាននិងកំពុងពិចារណាបង្កើតកម្មវិធីសំខាន់មួយ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែននៅក្នុងប្រទេសជិតខាង ហើយថា រដ្ឋមន្ត្រីការពារជាតិអឺរ៉ុបនឹងពិភាក្សាអំពីបញ្ហានេះ ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង Prague នៅថ្ងៃទី២៩ ខែសីហាខាងមុខ ។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក ចូសេព បូរ៉ែល បាននិយាយនៅខាងក្រៅវេទិកាមួយនៅទីក្រុង សាន់ថែនឌឺ ប្រទេសអេស្ប៉ាញ ក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្ញុំសង្ឃឹមថា វានឹងត្រូវបានអនុម័ត… ពិតណាស់ វានឹងក្លាយជាបេសកកម្មដ៏ធំមួយ ហើយថា កម្មវិធីបណ្តុះបណ្តាលត្រូវតែមានរហូតដល់កម្រិតនៃជម្លោះ ។
លោក បូរ៉ែល បន្ថែមថា វាហាក់ដូចជាសមហេតុផលដែលសង្រ្គាមមើលទៅមានលក្ខណៈយូរអង្វែង ដូច្នេះទាមទារការខិតខំប្រឹងប្រែងបន្ថែមទៀត មិនត្រឹមតែផ្នែកផ្គត់ផ្គង់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបណ្តុះបណ្តាល និងជួយរៀបចំកងទ័ពផងដែរ ។
សហរដ្ឋអាមេរិក និងអង់គ្លេសកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនរួចហើយ ក្នុងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយក៏កំពុងបង្រៀនពួកគេអំពីយុទ្ធសាស្ត្រប្រយុទ្ធផងដែរ ។
ជាការឆ្លើយតបនោះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងថ្ងៃចន្ទសប្តាហ៍នេះថា យើងគួរតែហៅលំពែងថា ជាលំពែង។ សហភាពអឺរ៉ុបនឹងបង្កើតមូលដ្ឋាន ដើម្បីបណ្តុះបណ្តាលក្រុមភេរវករ និងពួកសកម្មប្រយុទ្ធណាស៊ីសម្រាប់របបដឹកនាំទីក្រុងកៀវ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា