សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣០០០នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោ គឺជាលើកទី១៤ហើយ ដែលសម្តេចបាន អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត និងសិស្សរបស់ អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក ។
តាមរបាយការណ៍របស់ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានឱ្យដឹងថា និស្សិតដែលទទួល សញ្ញាបត្រនៅ ពេលនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៦៦នាក់។
ប្រធានក្រុមប្រឹក្សាភិបាល បានបន្តថា សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺជាគ្រឹះស្ថានសិក្សាមួយ ដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ឌួង លាង បានបន្ថែមថា គិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ ដល់ឆ្នាំសិក្សា ២០២០-២០២១ មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបាន បញ្ចប់ការសិក្សាចំនួន ៦០,៩០២ នាក់។ ដោយឡែកសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥ នាក់ ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដែលទទួលសញ្ញាបត្រនាថ្ងៃនេះ ។ សម្តេចតេជោ បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស ជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ សម្តេច មានប្រសាសន៍ថា ជំងឺកូវីដ-១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែក៏បានធ្វើឱ្យមានកាលានុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។ សម្តេច ក៏បានកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ-១៩ ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។
សម្តេចតេជោបានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង សុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩។ ការយកឈ្នះលើជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ លោកគ្រូ-អ្នកគ្រូ និងមន្ដ្រីរាជការទាំងអស់ មិនត្រូវបានតំឡើងប្រាក់បៀវត្សឡើយ ដោយសារកម្ពុជា ត្រូវខិតខំសន្សំប្រាក់ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេច បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ដែលជាឆ្នាំបន្ទាប់ពីកូវីដរាងធូរស្បើយនោះ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់ ដើម្បីជំរុញ និងបង្កើនល្បឿន នៃកម្រិតជីវភាពរបស់ពួកគាត់ ។ សម្ដេច ថា ការដំឡើងបៀវត្សនេះ គ្រូបង្រៀន-គ្រូពេទ្យ នឹងទទួលបានដំឡើងបៀវត្ស ច្រើនជាងគេ (អាទិភាព) ។ សម្ដេចបន្ថែមថា គ្រូពេទ្យ និងគ្រូបង្រៀន មានប្រាក់បៀវត្ស ច្រើនជាងមន្ដ្រីរាជការហើយ ដូច្នេះកុំមានភាពច្រណែន។ សម្ដេចថា គ្រូបង្រៀន មិនអាចធ្វើអ្នកមានបានឡើយ ប៉ុន្ដែបង្រៀនឲ្យកូនសិស្សធ្វើជាអ្នកមានបាន ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានណែនាំទៅកាន់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួនប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវរឿងរ៉ាវមួយកាលពីឆ្នាំ២០២០ ដែលរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ស្នើទៅសម្ដេចដោយសុំឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ជួយការពារអ្នកសារព័ត៌មាន ប៉ុន្ដែត្រូវបានសម្ដេចសម្រេចថា យកត្រឹមពាក់កណ្ដាល ដោយជួយការពារអ្នកសារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប បើអ្នកសារព័ត៌មាននោះ ជេរគេមេធាវីសម្ដេចមិនជួយការពារនោះទេ ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានមានមានប្រសាសន៍ថា ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា។ ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជានោះទេ គឺដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅវៀតណាមនាពេលថ្មីៗនេះ សម្តេចតេជោបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅវៀតណាម គឺមានការរៀបចំកម្មវិធីជំនួបតិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរីនោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយ ដែលក្រុមអ្នកវិភាគមួយចំនួនមិនលើកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅជប៉ុន ។
បន្ទាប់ពីស្ត្រីម្នាក់ ដែលជាសមាជិកក្រុមប្រឆាំង បានលើកឡើងថា សម្តេចតេជោ អាចនឹងអស់អំណាចនៅពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ទោះបីជាសម្តេចបាត់បង់អំណាច នៅពេលខាងមុខ ក៏អំណាចក្នុងការគ្រប់គ្រងដឹកនាំប្រទេស ក៏នៅតែស្ថិតនៅក្នុងដៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ ហើយមិនធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រឆាំងដែរ។
ដោយចាត់ទុកថា ការលើកឡើងនោះជាការ «ទស្សទាយ» សម្តេចបានអះអាងថា ការទស្សទាយនេះពិតជាត្រឹមត្រូវ។ សម្តេច ថា៖ ត្រឹមត្រូវលោកយាយ ខ្ញុំហៅលោកយាយទៅចុះ ប៉ុន្តែមុខហ្នឹងប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ហ៊ុន សែន នឹងបាត់អំណាចពិតប្រាកដ ហើយបើទាយមួយទៀតថា ហ៊ុន សែន នឹងស្លាប់ត្រឹមត្រូវទៀត។ សម្តេចបានបន្ថែមថា ជីវិតមនុស្សវាត្រូវតែស្លាប់ គ្មាននរណាចាស់សកទេ កុំឆ្ងល់ពេក ផ្តាំទៅវិញទៅថា ទាយហ្នឹងត្រឹមត្រូវហើយ ទាយថា “ហ៊ុន សែន នឹងអស់អំណាច” គឺច្បាស់ជាអស់ហើយ ព្រោះវាមិនដែលនរណា ធ្វើដល់ថ្ងៃងាប់ ឬក៏ងាប់ហើយ នៅតែជានាយករដ្ឋមន្ត្រី វាគង់តែបាត់ ក៏ប៉ុន្តែសូមបញ្ជាក់ថា វាមិនធ្លាក់ទៅលើដៃពួកអ្នកណាផ្សេង ក្រៅពីគណបក្សប្រជាជនទេ សូមបញ្ជាក់ជូនឱ្យហើយ។
ទាក់ទងនឹងការដឹកនាំនេះ សម្តេចតេជោ ក៏បានប្រកាសច្រើនលើករួចទៅហើយ ហើយក៏បានរៀបចំរួចហើយដែរ។ សម្តេចបានចោទសួរទៅក្រុមអ្នកទស្សទាយទាំងនោះថា ម្តេចក៏ស្តាប់មិនបាន? សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ឧទាហរណ៍ថាអំណាចមិនបានទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅចុះ ក៏ប៉ុន្តែអំណាចដឹកនាំប្រទេសនេះ មិនធ្លាក់ទៅក្នុងដៃក្រុមប្រឆាំងដែរ ច្បាស់ជាបានទៅលើអ្នកនៅក្នុងគណបក្សប្រជាជនធ្វើដដែលទេ។
ជាមួយនឹងប្រតិកម្មទៅនឹងការទស្សទាយរបស់ ស្ត្រីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅបុគ្គលម្នាក់ដែលសម្តេចហៅថា «អាខ្មៅ»។ ទោះបីជានិយាយមិនចំឈ្មោះបុគ្គលនោះ ប៉ុន្តែកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បុគ្គល ប៊ុត ប៊ុនតិញ ដែលស្លៀកស្បង់ចីវរជាព្រះសង្ឃ បានចេញមុខវាយប្រហារ សម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គម ចំពោះចំណាត់ការលើលោក សាន្ត ប៊ុនធឿន ដែលថា លោក សាន្ត ប៊ុនធឿន កែមិនឡើង តែសម្តេចក៏កែមិនឡើងដែរ។ សម្តេចបានតបទៅវិញថា៖ ត្រឹមត្រូវទៀត ហ៊ុន សែន កែអត់ឡើងទេ ព្រោះហ៊ុន សែន ត្រូវការធានានូវការការពារសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាអភិវឌ្ឍ។ តើចង់ឱ្យ ហ៊ុន សែន កែយ៉ាងម៉េចបើ ហ៊ុន សែន កំពុងឈរនៅកន្លែងនេះ ការពារជាតិការពារទឹកដី ការពារនូវសន្តិភាព ការរស់រានមានជីវិតរបស់ប្រជាជន។
សម្តេច បានផ្តាំទៅវិញថា កុំសង្ឃឹមថា ហ៊ុន សែន កែមួយជីវិត ហ៊ុន សែន គឺនៅតែ ហ៊ុន សែន ដាច់ខាត គឺ ហ៊ុន សែន របស់កម្ពុជា ផ្តាំទៅលោកឯងឱ្យច្បាស់ កុំឱ្យវាពិបាកពេក ៕ ដោយ វណ្ណលុក