អភិបាលខេត្តបាត់ដំបង ដាក់ចេញវិធានការការងាររៀបចំសណ្តាប់ធ្នាប់ ការងារកែលម្អសំយ៉ាបផ្ទះ ការតាំងស្លាកយីហោ ការកំណត់នូវពណ៌ផ្ទះក្នុងតំបន់អភិរក្ស និងសណ្តាប់ធ្នាប់ការលក់ដូរតាមផ្ទះ និងតាមទីផ្សារនានា ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពរបស់ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុងបាត់ដំបង កន្លងមក ដែលដឹកនាំដោយ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត ទទួលបន្ទុកដឹកនាំនិងចុះអនុវត្តផ្ទាល់ ក្នុងការជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សអគារបុរាណ ត្រូវបន្តរុះរើនិងឱ្យរៀបចំធ្វើសំយ៉ាបផ្ទះខ្លួនឡើងវិញទៅតាមការណែនាំបានកំណត់របស់ក្រុមការងារកន្លងមដោយមិនត្រូវឲ្យមានការបង្អែបង្អង់ឲ្យយឺតយ៉ាវនោះទេ។
ក្នុងនោះក៏មានការពិនិត្យ លើការដាក់ស្លាកយីហោលក់ដូរតាមផ្ទះ ពីការកំណត់ពណ៌ផ្ទះ ការរៀបចំនូវផ្លូវដើរដូចជាការក្រាលការ៉ូម៉ាបនៅតាមចិញ្ចើមផ្លូវមុខផ្ទះ ឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ លុបបំបាត់ពីការរៀបចិញ្ចើមផ្លូវមុខផ្ទះខ្ពស់ទាបតាមតែទំនើងចិត្ត រួមទាំងការដាក់ចេញនូវវិធានការទាំងឡាយមួយចំនួន ដើម្បីជំរុញឲ្យការរៀបចំកាន់តែសកម្មម៉ឺងម៉ាត់ប្រាកដនិយម និងមានការទទួលខុសត្រូវខ្ពស់ ពីមន្ត្រីចូលរួមពាក់ព័ន្ធសំខាន់ៗ ដែលត្រូវចូលរួមនិងទទួលបាននូវការចាត់តាំងពីរដ្ឋបាលខេត្តបាត់ដំបងកន្លងមក ដែលកំណត់ពីភារកិច្ចចំពោះមុខ ឲ្យរៀបចំសណ្តាប់ធ្នាប់ទូទៅក្នុងក្រុង ដូចជាការលក់ដូរតាមផ្ទះនិងតាមទីផ្សារនានា…ដែលស្ថិតនៅក្នុងតំបន់អភិរក្ស នូវ អគារបុរាណក្នុងក្រុងបាត់ដំបង។ ព្រមទាំងនៅតាមតំបន់ នៃទីប្រជុំជនផ្សេងៗទៀតក្នុងក្រុងបាត់ដំបង ដែលត្រូវតែរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវល្អនៅពេលឆាប់ៗខាងមុខ។ហើយក្នុងនោះ ក៏មានការរៀបចំកែលម្អនូវទីតាំងរង្វង៉មូលលោកតាដំបងក្រញូងដើម្បីឲ្យស័ក្តិសមទីកន្លែងសក្ការៈក្នុងការប្រកាន់នូវការបែបន់ស្រន់ជំនឿផ្សេងៗផងដែរ។
ខាងលើនេះ គឺជាប្រធានបទសំខាន់ៗដែល ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បនផ្តោតក្នុងការជម្រុញ ដល់ក្រុមការងារ ដែលកំពុងចុះអនុវត្តមួយរយៈកន្លងមកនេះ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឲ្យបន្តខិតខំយកចិត្តទុកដាក់និងត្រូវមានឆន្ទៈការងារជាក់លាក់ក្នុងការកំណត់រៀបចំជាផែនទទួលបន្ទុកកិច្ចការងារចំពោះមុខក្នុងការទទួលខុសត្រូវលើបន្ទុកការងាររបស់ខ្លួន តាមទីតាំងកំណត់ដែលមន្ត្រីក្នុងផែននីមួយៗទទួលខុសត្រូវឲ្យបានជាកលាក់ ដែលជាផ្នែកមួយក្នុងការជួយជំរុញនិងពន្លឿនដល់ការរៀបចំទាំងអស់ខាងលើនេះ ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុក លោកអភិបាលក្រុងបាត់ដំបង ប្រធានមន្ទីរដែនដី ប្រធានមន្ទីរវប្បធម៌ខេត្ត និងមន្ត្រីសំខាន់ៗសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្តាមន្ទីរជុំវិញខេត្ត ។ តាមរយៈកិច្ចប្រជុំនេះ ក៏មានការបញ្ចាំងវីដេអូស្លាយ ដែលបង្ហាញពីគម្រោងផែនការរៀបចំកែលម្អនូវទីតាំងដែលពាក់ព័ន្ធជាមួយប្រធានបទនៃកិច្ចប្រជុំខាងលើនេះ និងការធ្វើបទបង្ហាញផែនការមេ ដែលត្រូវរៀបចំ តាមទីតាំងនីមួយៗដើម្បីដាក់ជូនឆ្លងយោបល់សុំការឯកភាពជាគោលការណ៍សម្រេចពីឯកឧត្តមអភិបាលខេត្ត ដែលបានដឹកនាំនៅក្នុងកិច្ចប្រជុំនេះដើម្បីចុះអនុវត្ត។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ ដោយក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារចុះរៀបចំនិងមន្ត្រីពាក់ព័ន្ធទាំងអស់។ ជាពិសេស អាធ្ញាធរក្រុងនិងសង្កាត់ ដែលស្ថិតក្នុងតំបនពាក់ព័ន្ធខាងលើត្រូវខិតខំនិងយកចិត្តទុកដាក់សហការអនុវត្តឲ្យទទួលបានលទ្ធផលល្អ តាមផែនការគ្រោងទុក ដែលរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ដាក់ចេញកន្លងមក និងមិនត្រូវឲ្យមានការយឺតយ៉ាវនូវក្នុងការរៀបចំសណ្តាប់ធ្នាប់ខាងលើនេះនោះទេ។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង នៅតែបន្តប្រកាន់ជំហ៊រម៉ឺងម៉ាត់ក្នុងការរៀបចំទីក្រុងបាត់ដំបង ឲ្យក្លាយជាទីក្រុងប្រកបដោយការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យកាន់តែចូលមកកម្សាន្តនៅក្នុងខេត្តបានកាន់តែកើនឡើងច្រើនថែមទៀត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )