ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅស៊ូដង់ ទឹកជំនន់កើនឡើងដល់ ៨៣នាក់
ក្រុមប្រឹក្សាជាតិការពារជនស៊ីវិលរបស់ប្រទេសនេះបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ និងទឹកជំនន់ជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ូដង់បានកើនឡើងដល់ ៨៣នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី២២ សីហា។ ទន្ទឹមនឹងនេះដែរ ផ្ទះជាង ១៨០០០ខ្នង ត្រូវបានបំផ្លាញ និង ២៥០០០ខ្នងផ្សេងទៀតបានខូចខាតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា។
ក្រសួងធារាសាស្ត្រ និងធនធានទឹកបានព្រមាននៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្រិតទឹកនៃទន្លេ Blue Nile និង White Nile ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងម្តងទៀតក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ។
ក្រសួងបានជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទន្លេទាំងពីរ ជាពិសេសក្នុងរាជធានី Khartoum ត្រូវមានការប្រុងប្រយ័ត្នជាចាំបាច់។ យោងតាមក្រសួងបានឱ្យដឹងថា ទន្លេនៅក្នុងប្រទេសស៊ូដង់បានចុះបញ្ជីកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៤៦៕ ប្រភពពី CGTN ដោយ៖ សារ៉ាត