អ៊ុយក្រែនហាមប្រាមការប្រារព្ធទិវាឯករាជ្យជាតិ ព្រោះព្រួយបារម្ភរងការវាយប្រហារពីរុស្ស៊ី

កៀវ៖ រដ្ឋធានីកៀវ របស់អ៊ុយក្រែនបានហាមឃាត់ការប្រារព្ធពិធីជាសាធារណៈដើម្បីរំលឹកដល់ទិវាឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀត ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការវាយប្រហារពីរុស្ស៊ី។

ភ្នាក់ងារយកព័ត៌មានរបស់កាសែត Al Jazeera បានរាយការណ៍ពីទីក្រុងកៀវ នៅថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋធានីរបស់អ៊ុយក្រែនកំពុងហាមឃាត់ការជួបជុំទ្រង់ទ្រាយធំណាមួយ ខណៈដែលអ្នកគ្រប់គ្រងយោធារបស់ទីក្រុងកំពុងបញ្ជាឱ្យកងកម្លាំងសន្តិសុខត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុគ្រប់ប្រភេទ ដូចជាការវាយប្រហារដោយមីស៊ីល និងការទម្លាក់គ្រាប់បែកជាដើម។

ការហាមប្រាមខាងលើនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថា រុស្ស៊ីអាចនឹងសាកល្បងធ្វើនូវអ្វីដែលអាក្រក់មិននឹកស្មានដល់ ក្នុងអំឡុងខួបឯករាជ្យទី ៣១ ដែលត្រូវនឹងនៅថ្ងៃពុធសប្តាហ៍នេះ ហើយក៏ជាខួបកន្លះឆ្នាំចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។

ស្របពេលជាមួយគ្នានេះដែរ កាសែតរ៉យទ័រដែលដកស្រង់ឯកសារផ្លូវការមួយ បានបញ្ជាក់ថា ការហាមប្រាមលើព្រឹត្តិការណ៍សាធារណៈទាក់ទងនឹងការប្រារព្ធខួប នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យុត្តាធិការផ្សេងទៀតក៏បានដាក់កម្រិតលើការជួបជុំជាសាធារណៈផងដែរ។

ដោយឡែកសហរដ្ឋអាមេរិកក៏ទទួលបានព័ត៌មានសម្ងាត់ដែលថា រុស្ស៉ីគ្រោងនឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលរបស់អ៊ុយក្រែនក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner