អង្គការសហប្រជាជាតិស្នើសុំជាថ្មីទៅពិនិត្យរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន

យូអិន៖ ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានធ្វើការស្នើសុំម្តងទៀត នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីវាយតម្លៃពីសុវត្ថិភាព និងសន្តិសុខនៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនៅភាគអាគ្នេយ៍អ៊ុយក្រែន ដែលរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោង ដែលបង្កឱ្យមានការព្រមានអំពីមហន្តរាយនុយក្លេអ៊ែរដែលអាចកើតមាន ។

ប្រធានគោលនយោបាយរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូម៉ារី ឌីខាឡូ បានប្រកាសនៅពេលចាប់ផ្តើមកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខយូអិន ស្តីពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ថា អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី បានស្នើសុំឱ្យបញ្ជូនបេសកកម្មរបស់ IAEA ដើម្បីអនុវត្តការងារចាំបាច់ ដើម្បីពិនិត្យមើលពីសុវត្ថិភាព សន្តិសុខ និងសកម្មភាពការពារនៅទីតាំង ។

លោកស្រី ឌីខាឡូ បានបញ្ជាក់ដូច្នេះទៀតថា យើងស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់អ៊ុយក្រែន និងរុស្ស៊ី ដែលបង្ហាញពីការគាំទ្រចំពោះគោលបំណងរបស់ IAEA ក្នុងការបញ្ជូនបេសកកម្មទៅកាន់រោងចក្រនេះ ដែលនឹងក្លាយជាកន្លែងដំបូងរបស់ IAEA ទៅកាន់ទីតាំងនោះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ។

ទន្ទឹមគ្នា លោក ក្រូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មនេះត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ប្រសិនបើការចរចាបន្តទទួលបានជោគជ័យ ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner