ខេត្តកំពត បើកវេទិកាថ្នាក់ខេត្ត ស្តីពីការរៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី
ខេត្តកំពត ៖ នៅសាលប្រជុំសាលា ខេត្តកំពត កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ បានបើកធ្វើវេទិកាថ្នាក់ខេត្តស្តីពីការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ក្រោមអធិបតីភាពឯកឧត្តម ម៉ប់សារិនប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម ជឹង ផល្លា បានឲ្យដឹង អំពីសមិទ្ធផលលើវិស័យនានាជាច្រើន ដែលរដ្ឋបាលខេត្តកំពតសម្រេចបាន ធ្វើឱ្យខេត្តកំពតមានការប្រែប្រួលរីកចម្រើន និងជីវភាពប្រជាពលរដ្ឋមានលក្ខណៈកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ។ ពិសេសក្នុងនោះពាក់ព័ន្ធលើតួនាទីភារកិច្ចសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្ត ក្នុងការអនុម័ត លើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ រួមមានការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ខេត្ត ក្រុង ស្រុក ផែនទីប្រើប្រាស់ដីបច្ចុប្បន្ន ផែនទីហេដ្ឋារចនាសម្ព័ន្ន និងផែនទីព្រំប្រគល់រដ្ឋបាលតាមបណ្ដាស្រុក និងផែនការ ប្រើប្រាស់ដីឃុំសង្កាត់ រួមនឹងការសិក្សាគម្រោងប្លង់សំខាន់ៗរបស់ក្រុង ស្រុក ក្នុងការអភិវឌ្ឍនិងការកែលម្អហេដ្ឋារចនាសម័្ពន្ធ ដើម្បីកែប្រែមុខមាត់មិនទាន់រៀបរយ និងការកែលម្អ តំបន់ទីប្រជុំជន ឲ្យប្រកបដោយសោភ័ណភាព សុវត្ថិភាព បរិស្ថាន អនាម័យសណ្តាប់ធ្នាប់ចរាចរណ៍កាន់តែ ប្រសើរឡើងថែមទៀត ។
ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត បានលើកបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ នៅក្នុងថ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងបង្ខិតរដ្ឋបាលសាធារណៈឱ្យកាន់តែនៅកៀកនិងប្រជាពលរដ្ឋ ការកែលម្អការផ្ដល់សេវាសាធារណៈ គឺជាមូលដ្ឋានក្នុងចូលរួមចំណែកនៃការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈសកម្មភាព និងសមិទ្ធិផល សម្រេចបានជាច្រើនក្នុងក្របខណ្ឌ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាពលរដ្ឋនិងសាធារណៈ។
ឯកឧត្តម ម៉ប់សារិន ក៏បានបន្តលើកឡើងទៀតថា នៅក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ រដ្ឋបាលរាជធានី ខេត្ត តែងតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលបានរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ប៉ុន្តែទោះបីយ៉ាងណា ជាមួយនឹងសមត្ថភាពក្នុងការអនុវត្តតួនាទីរបស់ខ្លួន រដ្ឋបាលរាជធានី ខេត្ត តែងតែបានជួបបញ្ហាប្រឈមជាច្រើន ក្នុងការដោះស្រាយ ពិសេសពាក់ព័ន្ធ លើការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះអង្គរវេទិកា នាពេលនេះពិតជាមានសារៈសំខាន់ ដែលជាផ្នែកមួយនៃការអនុវត្តគម្រោង ពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយនិងធានាបាននូវលទ្ធភាពក្នុងការទទួលបាននូវសេវាជាសារវន្ត ។
វេទិកានេះទៀតសោតក៏ជាឱកាសមួយក្នុងការឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាខេត្ត នៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ការតាមដាន និងការវាយតម្លៃទៅលើការរៀបចំផែនការ នគរូបនីយកម្មនិងការគ្រប់គ្រងរៀបចំដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនរៀបរយ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។
ឯកឧត្តម ម៉ប់ សារិន បានសម្ដែងក្ដីសង្ឃឹមថាសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានធាតុចូលបន្ថែមទៀត ពីវេទិកានេះ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្ត តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាទាក់ទងនឹងការរៀបចំផែនការនគរូបនីយកម្មនិងការគ្រប់គ្រងដីធ្លី និងសូមស្នើឱ្យមានទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូនៅក្នុងរាជរដ្ឋាភិបាល មិនមែនរាជរដ្ឋាភិបាល សហការគ្នា ដោះស្រាយបញ្ហាប្រឈម របស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីរដ្ឋបាលរាជធានី ខេត្តមានលទ្ធភាពកាន់តែប្រសើរឡើងថែមទៀតក្នុងការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ៕ Sila Sarin