ផ្ទះ ២ខ្នង ក្នុងចំណោមផ្ទះ ២១២ខ្នង របស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ស្រុកសំរោងទង និងអាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ២ខ្នង មានទំហំ៤ គុណ ៦ម៉ែត្រ តយ៉ាកទៅមុខ និងចែកស្បៀងជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០គ្រួសារ ស្ថិតនៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង។
ឯកឧត្តម វ៉ី សំណង ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អ គឺរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហែសពីជំងឺកូវីដ១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយនិងអនុវត្តការរស់នៅ តាមប្រក្រតី ភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដឱ្យបានគ្រប់ដូស និងបានគ្រប់ៗគ្នា ។
សម្ភារដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះទាំង ២ខ្នង ក្នុងមួយខ្នងទទួលបានបន្ថែម អង្ករ, មី, ត្រីខ, នំធុង, ប្រេងឆា ,ទឹកត្រី ទឹកស៊ីអ៊ីវ, និងថវិកាចំនួន ៥០,០០០រៀល។
សម្ភារដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០គ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ នំធុង ១ធុង និងថវិកា ២០,០០០រៀល ៕ ដោយ៖ម៉ុន សំអាន