មន្រ្តីរាជការចំនួន ៥រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សាលាខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ។
ឯកឧត្តម ងី ច័ន្ទ្រផល បានផ្តាំផ្ញើដល់អភិបាលរងខេត្តទាំង ៥រូប ដែលទើបចូលកាន់មុខតំណែងថ្មី ទី១. ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាពស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ – ទី២. ត្រូវបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិនៃជំងឺនេះ – ទី៣. ត្រូវគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន – ទី៤. ការពង្រឹងការគ្រប់គ្រង និងការការពារធនធានធម្មជាតិ – ទី៥. ការផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ – ទី៦. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ – ទី៧ ការដឹកនាំការគ្រប់គ្រង និងរបៀបរបបការងារដល់រដ្ឋបាលខេត្ត – និងទី៨. ការបំពេញតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឲ្យទទួលបានប្រសិទ្ឋភាពខ្ពស់។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការជួយបំពេញបន្ថែមចំនួនគណៈអភិបាលខេត្ត/ក្រុង/ស្រុក និងនាយករងរដ្ឋបាលសាលាខេត្ត/ក្រុង/ស្រុក ដើម្បីជាការចូលរួមក្នុងការចែករំលែក និងកាត់បន្ថយទំហំការងារ និងការទទួលខុសត្រូវរបស់គណៈអភិបាលខេត្ត អនុវត្តការងារស្របតាមគោលការណ៍តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើប្រតិភូកម្មអំណាច និងមុខងារ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិពេញលេញក្នុងការបំពេញការងារឆ្លើយតបបានទាន់ពេលវេលាតាមសំណូមពរការងារ ដើម្បីរួមគ្នាអនុវត្តការងារដែលរាជរដ្ឋាភិបាលប្រគល់ជូន។
សូមបញ្ជាក់ថា អភិបាលរងខេត្តមណ្ឌលគិរី ដែលទើបទទួលមុខតំណែងថ្មីនាពេលនេះ រួមមាន ១. លោក នួន សារ៉ន អតីត អភិបាលស្រុកកែវសីមា ២. លោក សាន់ ដារិទ្ឋិ អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ៣. លោក ស៊ន សារុន អតីត នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ៤. លោក ចាន់ រតនា អតីត នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង៥. លោក ងិន សុវិមាន អតីត ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ៕ ពលៈ