ប្រធានាធិបតីអ៊ុយក្រែនសច្ចាប្រយុទ្ធដល់ទីបញ្ចប់ និង គ្មានការធ្វើសម្បទានទេ
ក្នុងទិវាឯករាជ្យជាតិអ៊ុយក្រែនថ្ងៃទី២៤ខែសីហា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានប្តេជ្ញានៅក្នុងសុន្ទរកថារបស់លោក ដោយបានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី «រហូតដល់ទីបញ្ចប់» ហើយនឹងមិនធ្វើ «សម្បទានឬការសម្របសម្រួលណាមួយឡើយ»។
យោងតាមសារព័ត៌មានរ៉យទ័ររបស់អង់គ្លេស នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយរំឭកខួប៣១ឆ្នាំនៃឯករាជ្យភាព លោកបាននិយាយថា អ៊ុយក្រែនបាន «កើតជាថ្មី» នៅពេលដែលរុស្ស៊ីបានឈ្លានពាន ហើយខ្លួននឹងមិនបោះបង់ចោលការតស៊ូដើម្បីសេរីភាពពីការត្រួតត្រារបស់ទីក្រុងម៉ូស្គូនោះទេ។
លោក សេលេនស្គី បាននិយាយថា អ៊ុយក្រែនលែងមើលឃើញសង្រ្គាមបញ្ចប់នៅពេលដែលការប្រយុទ្ធគ្នាឈប់ ប៉ុន្តែនៅពេលដែលទីក្រុងកៀវទទួលបានជ័យជំនះនៅទីបញ្ចប់។
រ៉យទ័រ បានដកស្រង់ការថ្លែងរបស់លោក ហ្សេលេនស្គី ដូចដែលបាននិយាយថា៖«ប្រជាជាតិថ្មីមួយបានបង្ហាញខ្លួននៅក្នុងពិភពលោកនៅថ្ងៃទី២៤ខែកុម្ភៈវេលាម៉ោង៤ព្រឹក។ វាមិនបានកើតទេ ប៉ុន្តែកើតឡើងវិញ។ ជាតិមួយ មិនយំស្រែក ឬភ័យខ្លាច មិនបានរត់គេចខ្លួន មិនបានបោះបង់ និង មិនភ្លេចទេ»។
លោក ហ្សេលេនស្គី ជាមេដឹកនាំសម័យសង្គ្រាមអាយុ ៤៤ឆ្នាំ បានថ្លែងសុន្ទរកថាក្នុងភាពហត់នឿយក្នុងការប្រយុទ្ធនៅមុខវិមានដ៏ខ្ពស់កណ្តាលរបស់ទីក្រុងកៀវ ដើម្បីឯករាជ្យពីសហភាពសូវៀតដែលគ្រប់គ្រងដោយរុស្ស៊ីដែលបានបែកបាក់នៅឆ្នាំ ១៩៩១។
លោក សេលេនស្គី បាននិយាយកាលពីថ្ងៃពុធថា «យើងមិនខ្វល់ថាអ្នកមានកងទ័ពអ្វីទេ យើងយកចិត្តទុកដាក់តែលើទឹកដីរបស់យើងប៉ុណ្ណោះ។ យើងនឹងប្រយុទ្ធដើម្បីវារហូតដល់ទីបញ្ចប់» ដែលវាក៏ជាខួបប្រាំមួយខែចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។
លោកបានបន្តថា៖ «យើងបានឈរជើងរឹងមាំអស់រយៈពេល៦ ខែហើយ។ វាលំបាកណាស់ ប៉ុន្តែយើងបានក្តាប់ដៃ ហើយយើងកំពុងតស៊ូដើម្បីជោគវាសនារបស់យើង»។
លោក សេលេនស្គី បានគូសបញ្ជាក់ជំហរសង្រ្គាមដ៏រឹងប៉ឹងរបស់អ៊ុយក្រែន ដែលប្រឆាំងនឹងការសម្របសម្រួលណាមួយ ដែលអនុញ្ញាតឱ្យទីក្រុងម៉ូស្គូ ខ្ទប់ជាប់ក្នុងការទទួលបានទឹកដី រួមទាំងតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ដែលដណ្តើមបានក្នុងរយៈពេល៦ ខែកន្លងមកនេះ។
«យើងនឹងមិនអង្គុយនៅតុចរចាដោយភ័យខ្លាចទេ ដោយកាំភ្លើងបានចង្អុលក្បាលយើង។ សម្រាប់ពួកយើង ដែកដ៏គួរឱ្យខ្លាចបំផុត មិនមែនជាមីស៊ីល យន្តហោះ និងរថក្រោះទេ ប៉ុន្តែជាខ្នោះដៃ។ មិនមែនលេណដ្ឋានទេ ប៉ុន្តែជារនាំង»។
«សម្រាប់ពួកយើង អ៊ុយក្រែនគឺអ៊ុយក្រែនទាំងមូល គ្រប់ទាំង២៥តំបន់ គ្មានការសម្បទាន ឬក៏សម្រុះសម្រួលណាមួយទេ»៕