ពីនាយករដ្ឋមន្រ្តី ទៅជនជាប់ពន្ធធានាគារ៖ ការដួលចុះនៃអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់
ភ្លាមៗក្រោយសាលក្រមត្រូវបានប្រកាសឡើងនៅថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបានគេដឹកឆ្ពោះទៅពន្ធនាគារមួយនៅជាយក្រុងគូឡាឡំពួរ ជាកន្លែងដែលលោកត្រូវអនុវត្តទោសចំនួន ១២ ឆ្នាំ ជុំវិញការកាត់ទោសលើសំណុំរឿងពុករលួយពាន់លានដុល្លារពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1MDB។
បណ្ដឹងឧទ្ធរណ៍ចុងក្រោយរបស់លោក ណាជីបត្រូវបានតុលាការកំពូលច្រានចោល ហើយសម្រេចតម្កល់ការកាត់ទោស ដែលធ្វើឱ្យលោកក្លាយជាអតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារដំបូងគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ម៉ាឡេស៊ី។
ការដួលចុះរបស់លោក ណាជីប ដែលធ្លាប់បានលេងវាយកូនហ្គោលជាមួយលោក បារ៉ាក់ អូប៉ាម៉ា និងលោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិក គឺជារឿងដ៏សំខាន់មួយ ដែលមេដឹកនាំបក្សប្រឆាំង សកម្មជន និងប្រជាពលរដ្ឋជាច្រើន ហៅវាជាជ័យជម្នះសម្រាប់ប្រជាជនម៉ាឡេស៊ី។
លោក AdibZalkapliនាយកក្រុមហ៊ុនប្រឹក្សាហានិភ័យនយោបាយBowerGroupAsiaនិយាយប្រាប់កាសែត Al Jazeeraថា៖ «វាជារឿងដែលមិនធ្លាប់មានពីមុនមក។លោកណាជីបនឹងត្រូវគេចងចាំថាជានាយករដ្ឋមន្ត្រី[ម៉ាឡេស៊ី]ដំបូងគេ ដែលចាញ់ការបោះឆ្នោតទូទៅ និងត្រូវបានកាត់ទោស»។
ទន្ទឹមនឹងការជាប់ពន្ធនាគារ លោក ណាជីប ដែលនៅក្រៅឃុំបណ្តោះអាសន្ន ចាប់តាំងពីការកាត់ទោសនៅឆ្នាំ២០២០និងប្រឈមមុខនឹងការចោទប្រកាន់សរុបចំនួន ៤២ ពាក់ព័ន្ធនឹងសំណុំរឿង1MDBក៏ត្រូវពិន័យជាប្រាក់រហូតដល់ ៤៧ លានដុល្លារផងដែរ។
សំណុំរឿងពុករលួយ1MDB គឺជាប់ទាក់ទងនឹងមូលនិធិអភិវឌ្ឍន៍1MDB ដែលលោក ណាជីបបានបង្កើតភ្លាមៗបន្ទាប់ពីឡើងកាន់អំណាច។ ក្នុងឆ្នាំ ២០១៥សញ្ញាដំបូងនៃរឿងអាស្រូវ បានចាប់ផ្តើមលេចឡើងដែលជំរុញឱ្យលោក ណាជីបបង្ក្រាបការស៊ើបអង្កេតក្នុងស្រុក បណ្តេញអ្នកស៊ើបអង្កេត និងរារាំងអ្នករិះគន់ជាដើម។
ទោះយ៉ាងណាក៏ដោយ លោក ណាជីប ដែលឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅឆ្នាំ ២០០៩ ត្រូវបានបោះឆ្នោតទម្លាក់ចេញពីដំណែងក្នុងឆ្នាំ ២០១៨ ហើយការស៊ើបអង្កេតលើរឿងអាស្រូវ 1MDB និងការចោទប្រកាន់អំពើពុករលួយរាប់សិប ក៏ត្រូវបានធ្វើឡើង។
ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ថា យ៉ាងហោចណាស់ប្រាក់ជាង ៤,៥ ប៊ីលានដុល្លារ ត្រូវបានលួច និងលាងពីមូលនិធិ 1MDB ដោយអ្នកជាប់ទាក់ទងនឹងលោក ណាជីប។
អតីតនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានគេរកឃើញថាមានពិរុទ្ធនៅឆ្នាំ២០២០ ពីបទរំលោភអំណាច រំលោភបំពានលើការជឿទុកចិត្ត និងការលាងលុយដោយខុសច្បាប់ លើការទទួលបានប្រាក់ ៩,៤ លានដុល្លារពីមូលនិធិSRC International ដែលជាអតីតអង្គភាពរបស់ 1MDB ចូលទៅក្នុងគណនីធនាគាររបស់លោក។
ក្រុមមេធាវីរបស់លោក ណាជីប ប្រកែកថា លោកត្រូវបានគេបោកបញ្ឆោត និងត្រូវបានគេធ្វើឱ្យជឿថា មូលនិធិនៅក្នុងគណនីរបស់ខ្លួន ត្រូវបានបរិច្ចាគដោយគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត ជាជាងការក្លែងបន្លំពីមូលនិធិរដ្ឋ។
ដូចគ្នានេះដែរ អ្នកនយោបាយវ័យ ៦៩ ឆ្នាំដដែល ទទូចថាលោកគ្មានកំហុសនោះទេ ព្រោះលោកត្រូវបានមន្ត្រីនៃមូលនិធិ 1MDB បំភាន់បោកប្រាស់។ ១ថ្ងៃមុនការកាត់ទោសចុងក្រោយនៅថ្ងៃអង្គារ លោកនិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកមានអារម្មណ៍ហួសចិត្ត និងត្រូវបានគេក្បត់ និងទុកឱ្យនៅឯកា។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ណាជីប បានព្យាយាមពន្យារពេលតុលាការពីការប្រកាសសាលក្រមចុងក្រោយរបស់ខ្លួន ដោយការផ្លាស់ប្តូរមេធាវីមុនពេលចាប់ផ្តើមបណ្តឹងឧទ្ធរណ៍។ ប៉ុន្តែយុទ្ធសាស្ត្ររបស់លោកមិនបានសម្រេចនោះទេ ដោយតុលាការបដិសេធមិនផ្តល់ពេលវេលាបន្ថែម សម្រាប់មេធាវីរបស់លោកក្នុងការរៀបចំ។
នាពេលនេះ លោកអាចស្នើសុំការពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់តុលាការសហព័ន្ធ ទោះបីជាវិធីបែបនេះ កម្រនឹងទទួលបានជោគជ័យក៏ដោយ។ លោកក៏អាចស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រផងដែរ ហើយប្រសិនបើវាទទួលបានជោគជ័យ លោកអាចនឹងត្រូវបានដោះលែង ដោយមិនចាំបាច់បម្រើទោសពេញ១២ ឆ្នាំទេ។
ទោះយ៉ាងណាក៏ដោយ ការកាត់ទោសចុងក្រោយមានន័យថា លោក ណាជីបនឹងបាត់បង់អាសនៈសភា ហើយមិនអាចចូលរួមការបោះឆ្នោតបានទេ ខណៈដែលលោកក៏ប្រឈមមុខនឹងការកាត់ក្ដីលើសំណុំរឿង 1MDB ជាច្រើនទៀត។
ប៉ុន្តែ អ្នកនយោបាយដែលមានប្រវត្តិសិក្សានៅចក្រភពអង់គ្លេសរូបនេះ នៅតែមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី។គណបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) របស់លោកកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន បន្ទាប់ពីការខ្វះចន្លោះនៃសមាជិកសភា បណ្តាលឲ្យរដ្ឋាភិបាលកំណែទម្រង់ដែលឈ្នះការបោះឆ្នោតឆ្នាំ ២០១៨ ដួលរលំ។
គណបក្សUMNO និយាយថា ខ្លួននឹងឈរនៅខាងអតីតនាយករដ្ឋមន្ត្រី។ប្រធានគណបក្សAhmed Zahid Hamidi ដែលប្រឈមមុខនឹងការចោទប្រកាន់ចំនួន៤៧ ជុំវិញរឿងអាស្រូវដូចគ្នានិយាយនៅថ្ងៃពុធថា ការសម្រេចចិត្តរបស់តុលាការ«មិនអាចលុបបំបាត់សេវាកម្មដ៏អស្ចារ្យរបស់លោក ណាជីបក្នុងនាមជានាយករដ្ឋមន្ត្រី ដែលដឹកនាំម៉ាឡេស៊ីឱ្យជោគជ័យនោះទេ»។
ប្រភព៖ Reuters