អ្នកនាំពាក្យក្រសួងរៀបចំដែនដី បញ្ជាក់ថា ក្រសួង បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិ បាន ប្រមាណ ១៥០លានដុល្លារ ពីវិស័យដីធ្លី និងសំណង់ ក្នុង១ឆ្នាំ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិប្រមាណ ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សេង ឡូត អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។
លោក បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាស្ថាប័នផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទៅលើវិស័យដីធ្លី និងសំណង់ក្នុងមួយឆ្នាំក្រសួងនេះ បានចូលរួមចំណែក នៅក្នុងការរកចំណូលចូលថវិកាជាតិ បានប្រមាណ ១៥០លានដុល្លារ»។
លោក សេង ឡូត ពន្យល់ថា «ចំណូលដែលប្រមូលនៅស្ថាប័នរដ្ឋបាលសូរិយោដី និងសំណង់ដែលជាសេវាមិនមែនពន្ធ គឺប្រមូលបានប្រមាណ ៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ដោយឡែកចំណូលដែលប្រមូល ដោយអង្គភាពពន្ធដារ ប៉ុន្តែប្រតិបត្តិការទាំងអស់ ត្រូវបានចាត់ចែងដោយរដ្ឋបាលសុរិយោដី ដែលហៅថា ពន្ធប្រថាប់ត្រា ក្នុងមួយឆ្នាំ បានប្រមាណ ១២០លានដុល្លារ ដូច្នេះក្រសួងរកបានប្រមាណ ១៥០លានដុល្លារ ក្នុងមួយឆ្នាំ ពីវិស័យដីធ្លី និងសំណង់»។
លោកបានលើកឡើងថា សេវាសាធារណៈរបស់ក្រសួង ត្រូវបានបង្កលក្ខណៈឲ្យកាន់តែសាមញ្ញ រួមជាមួយនឹងការកាត់រយៈពេលឲ្យបានខ្លី ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់ របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដូចជា ការបិទផ្សាយសាធារណៈ នៅក្នុងការចុះបញ្ជីដីធ្លី ពី ៣០ថ្ងៃ មក ១៥ថ្ងៃ, ការសម្រួលការចុះហត្ថលេខាបញ្ជាក់លើលិខិតយថាភូត ជាលិខិតលក់ផ្តាច់ សម្រួលត្រឹមតែចុះបញ្ជី ដោយមេឃុំ ឬចៅសង្កាត់។
បន្ថែមពីនោះទៀត លោក សេង ឡូត បានគូសបញ្ជាក់ថា ការផ្តល់សេវាសាធារណៈនេះ ក្រសួងខិតខំធ្វើយ៉ាងណា ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ដែលប្រជាពលរដ្ឋចង់បាន ពោលគឺធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវានេះ ប្រកបដោយការពេញចិត្តពេញថ្លើម៕សេឌី