អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើនៅភ្នំតាម៉ៅ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្តចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ យ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តបានចូលរួមដាំកូនឈើប្រណីតនៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ ។ ជាមួយនោះឯកឧត្តមបានលើកឡើងពីប្រវត្តិ នៃព្រៃនេះថា កាលដែលឯកឧត្តមនៅជាមន្ត្រីរដ្ឋបាលព្រៃឈើគឺបានយកដើមឈើយ៉ាងច្រើនមកដាំ ហើយកាលណោះឈើភាគច្រើនគឺជាដើមអាកាស្យា ការដាំដើមអាកាស្យាគឺវាងាយដាំ និងឆាប់ធំដើម្បីបំពេញព្រៃនេះឡើងវិញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ តាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២ ៕ ម៉ុន សំអាត