លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយយោធាថ្មីទំហំជិតបីពាន់លាន ដុល្លារសម្រាប់អ៊ុយក្រេន
វ៉ាស៊ីនតោន៖ ប្រាំមួយខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសក្នុងថ្ងៃពុធសប្តាហ៍ នេះថា លោកនឹងផ្តល់ជំនួយយោធាថ្មីចំនួន ២.៩៨ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលនឹងផ្តល់អាវុធរយៈពេលវែង និងការហ្វឹកហ្វឺន ដើម្បីឱ្យកងកម្លាំងនៅទីនោះប្រយុទ្ធសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បាននិយាយថា ជំនួយ នេះនឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែក រួមទាំងយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងទៀត ដើម្បីធានាថា អ៊ុយក្រែនអាចបន្តការពារខ្លួន ក្នុងរយៈពេលយូរ។ ការប្រកាសនេះធ្វើឡើងខណៈដែលអ៊ុយក្រែនកំពុងប្រារព្ធពិធីប្រកាសឯករាជ្យជាតិពីសហភាពសូវៀតឆ្នាំ ១៩៩១។
នាឱកាសនោះដែរ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំដឹងថា ថ្ងៃឯករាជ្យនេះគឺជូរចត់សម្រាប់ប្រជាជនអ៊ុយក្រែនជាច្រើននាក់ ដោយសារមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ឬរងរបួស មនុស្សរាប់ លាននាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយ មនុស្សជាច្រើននាក់ផ្សេងទៀតបានរងគ្រោះដោយសារអំពើឃោរឃៅ និងការវាយប្រហាររបស់រុស្ស៊ី។
ប៉ុន្តែការវាយប្រហារមិនឈប់ឈររយៈពេលប្រាំមួយខែមកនេះ បានត្រឹមតែពង្រឹងមោទនភាពរបស់ប្រជាជនអ៊ុយក្រែនចំពោះខ្លួនពួកគេក្នុងប្រទេសរបស់ពួកគេ និងក្នុងរយៈពេលជាង ៣០ឆ្នាំ នៃឯករាជ្យភាពរបស់ពួកគេ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា