ប្រាំចំណុចត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចក្រឡាហោម ស ខេងនិងអ្នករាយការណ៍ពិសេស សិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិ ប្រចាំកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការ ក្រសួង។
ក្នុងសវនាការកាលពីរសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ ចំពោះ លោក សាស្ដ្រាចារ្យ និងបានអរគុណចំពោះជំនួបកន្លង មក តាមប្រព័ន្ធ អនឡាញជាមួយនឹងលោកសាស្ដ្រាចារ្យ។ សម្ដេច បានស្វាគមន៍ លោកសាស្ដ្រាចារ្យក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួប ពិភាក្សា ការងារដោយផ្ទាល់នាពេលនេះ ដោយសម្ដេចសម្ដែង នូវក្ដីរីក រាយ និងត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាផ្លាស់ប្ដូរយោបល់ ផ្សេងៗទៀត លើបញ្ហាដែលលោកសាស្ដ្រាចារ្យមានបំណងចង់លើកឡើង។
ជាការឆ្លើយតប លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានថ្លែង អំណរគុណ ចំពោះ សម្តេចក្រឡាហោម ដែលបានចំណាយពេលវេលា ជួបពិភាក្សាជា មួយ លោកក្នុងរយៈពេលកន្លងមក ទាំងតាមប្រព័ន្ធ អនឡាញ និងជំនួបដោយ ផ្ទាល់នាពេលនេះ។លោកក៏បាន អរគុណ សម្ដេចដែលតែងតែបានផ្តល់ នូវពេលវេលាដើម្បី ឆ្លើយឆ្លង និងផ្ដល់នូវ ព័ត៌មាន ផ្សេងៗប្រកបដោយភាពស្និទ្ធស្នាល និងស្ថាបនាទៅវិញ ទៅមក ជាមួយលោកទៅលើបញ្ហានានា ដែលលោកសាស្ដ្រាចារ្យ ធ្លាប់បានលើកឡើង។
ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានជម្រាបជូន សម្ដេចក្រឡាហោម នូវចំណុចចំនួនប្រាំធំៗ។ក្នុងនោះទីមួយ គឺ ពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ,ទីពីរ គឺពាក់ព័ន្ធទៅ នឹងប្រព័ន្ធនៃការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, ទីបី គឺការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ទីបួន គឺអំពីការជួញដូរ មនុស្ស ការ ជួញ ដូរ ពលកម្ម ដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងទីប្រាំ គឺអំពីកិច្ចសហប្រតិបត្តិការ និងជំនួយអាទិភាពផ្សេងៗ របស់ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះ វិស័យដែលស្ថិត នៅក្រោមសមត្ថកិច្ច ក្រសួងមហាផ្ទៃ។
ឆ្លើយតបចំពោះចំណុចទីមួយ អំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សម្ដេច ក្រឡាហោម ស ខេង បានជម្រាបជូនថា កម្ពុជាតែងអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ក្នុងនោះ ជាចំណុច សំខាន់ គឺការបោះឆ្នោតយ៉ាងទៀងទាត់ រួមមានការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជាតិ ការ បោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភា។
សម្តេច ក៏បានជម្រាបជូនថា កម្ពុជាពិតជាមានមោទនភាព ក្នុងនាមជា ប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ ហើយបានរកឃើញ ផ្លូវមួយសម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យទទួលបាននូវសុខសន្តិភាព និង ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
សម្តេចក៏បានជម្រាប ជូនថា ជាការពិតនូវអ្វីដែលកម្ពុជាទទួលបានមក ដល់បច្ចុប្បន្ននេះក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ ក៏មានការ ចូលរួមចំណែក និងការ ជួយជ្រោមជ្រែងពីបណ្ដាមិត្តភក្តិរបស់កម្ពុជា រួមទាំងពីរអង្គការសហប្រជាជាតិផងដែរ។
សម្ដេចបន្តថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ កម្ពុជា កត់ សម្គាល់ឃើញនូវវឌ្ឍនភាពស្ដែងតាមរយៈការចូលរួមរបស់ ប្រជាពលរដ្ឋ ជាពិសេស គឺការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ ក៏ទទួលបាននូវ ការពេញចិត្ត ដោយហេតុថា គណបក្សនយោបាយ និងប្រជាពលរដ្ឋ បាន ចូលរួមដោយសេរី ហើយការបោះឆ្នោតក៏បានប្រព្រឹត្ត ទៅដោយ គ្មានអំពើហិង្សា ឬការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាតនយោ បាយណាមួយនោះដែរ ។
ចំពោះសិទ្ធិនយោបាយ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនថា បច្ចុប្បន្ននេះមានគណបក្សនយោបាយចំនួន៤៥គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏មានអង្គការមិនមែនរដ្ឋាភិបាល អង្គការ មិនមែនរដ្ឋាភិបាលជាច្រើនបាននឹងកំពុងអនុវត្តសកម្មភាពរបស់ខ្លួន ដែលអង្គការទាំងនោះ មានទាំងអង្គការដែលមានជំហរគាំទ្រ និង មិនគាំទ្ររាជរដ្ឋាភិបាល ដែលពួកគេ បំពេញការងារទៅ តាមមុខងារ របស់គេរៀងៗខ្លួន។
ចំពោះបញ្ហាទីពីរ គឺប្រព័ន្ធគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្ដេចក្រឡាហោម បានជម្រាបជូនថា ជាការពិតណាស់កិច្ច ការងារ នេះ គឺ នៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួងកំពុងតែខិត ខំ ដោះស្រាយ និងរៀបចំឲ្យបានល្អប្រសើរ និងថាបច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់កែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃភាពចង្អៀតណែនក្នុង ពន្ធនាគារ។
សម្ដេច បន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏កំពុងសហការ ជាមួយ នឹង ក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះ លែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សាទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ជំនួសឲ្យការឃុំឃាំងដោយកិច្ចការទាំងនេះត្រូវតែអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការក៏ដូចជារួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀត ណែនក្នុងពន្ធនាគារផង។
ចំពោះបញ្ហាទីបី ពាក់ព័ន្ធទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា ជាង ៥០ ភាគរយ នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ គឺជាអ្នកដែលពាក់ព័ន្ធ ទៅនឹង បទ ល្មើសគ្រឿងញៀន ដោយក្រសួងមហាផ្ទៃកំពុងតែ យកចិត្តទុក ដាក់ ដើម្បី បន្តដោះស្រាយបញ្ហានេះ តាមរយៈការខិតខំ ពង្រីកមជ្ឈមណ្ឌលស្ដារនីតិសម្បទាគ្រឿងញៀន និងការលើកទឹកចិត្ត ដល់ រាជធានី ខេត្ត ក្នុងការបន្ត គាំទ្រដល់ការបង្កើតឲ្យមានមជ្ឈមណ្ឌល ស្ដារនីតិសម្បទានៅក្នុងរាជធានី -ខេត្តនីមួយៗ និងបន្តកៀរគររកការ ចូល រួមពីវិស័យឯកជន ដើម្បីគាំទ្រដល់កិច្ចការនេះ។
សម្តេច ក៏បានជម្រាបជូនទៀតថា សម្ដេចសូមស្វាគមន៍ ចំពោះការចូល រួមរបស់ភ្នាក់ងារពាក់ព័ន្ធនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ព្រមទាំង ដៃគូនានា នៅក្នុងកិច្ចការស្ដារនីតិសម្បទាអ្នកញៀន គ្រឿង ញៀន ក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណា ផ្តល់នូវលទ្ធភាព ឲ្យកាន់តែច្រើនថែមទៀត ប្រកបដោយប្រសិទ្ធភាព ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ។
ដោយឡែកបញ្ហាទីបួនពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ សម្ដេចបាន ជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន ថា កម្ពុជាក៏ជាប្រទេស ដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួកឧក្រិដ្ឋជន បានឆ្លៀតការកេងចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយក កម្ពុជា ជាកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធ មនុស្ស នេះ។
សម្ដេចក្រឡាហោមក៏បានជម្រាបជូនលោកសាស្ត្រាចារ្យអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាក្រសួងមហាផ្ទៃក្នុងការចាត់វិធានការជាបន្តបន្ទាប់ហើយបានបង្ក្រាបក៏ដូចជាជួយសង្គ្រោះជនរងគ្រោះបានអស់ជាច្រើននាក់នៅក្នុងរយៈពេលកន្លងមកនិងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។ សម្ដេចឱ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្ត ដឹក នាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើស នេះព្រមទាំងដើម្បីកៀរគរការចូលរួមចំណែកផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធឈានទៅបង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។
ពាក់ព័ន្ធនឹងបញ្ហាទីប្រាំ គឺកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេស ផ្សេងៗវិញ សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា សម្ដេច ផ្ទាល់សូមថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យ ដែលបាន លើកឡើងនូវបញ្ហាជាមួយគ្នា ហើយសម្ដេចក៏បន្តគាំទ្រលើកទឹកចិត្ត ឲ្យ មានការជជែកពិភាក្សាបន្ថែមទៀត ពីសំណាក់តំណាងរបស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជាមួយមន្ត្រីពាក់ព័ន្ធ របស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យជាក់ស្តែងទៅលើអ្វីដែលជាតម្រូវការ និងអាចឱ្យភាគី ទាំងពីរធ្វើការសហការ និងគាំទ្រគ្នាទៅវិញទៅមក៕ដោយ៖រ៉ាវុធ