លោក ហ្សេលេនស្គី៖ អនាគតរបស់ពិភពលោកកំពុងត្រូវបាន សម្រេច ក្នុងសង្គ្រាមអ៊ុយក្រែន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃពុធ សប្តាហ៍នេះថ្លែងថា “អនាគតរបស់ពិភពលោក” កំពុងត្រូវបានសម្រេច នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹង “ការឈ្លានពានដ៏ឆ្កួត” របស់រុស្ស៊ី ហើយថា ការរក្សាឯករាជ្យរបស់ប្រទេសរបស់លោក គឺជា “សន្តិសុខនៃ ពិភពលោកទាំងមូល”។
នៅក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បានព្រមានទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងឱកាសខួប៦ ខែនៃការឈ្លានពានថា ប្រសិនបើរុស្ស៊ីមិនត្រូវបានបញ្ឈប់ទេ នោះ ឃាតកររុស្ស៊ីទាំងអស់នឹងត្រូវបញ្ចប់ដោយជៀសមិនរួចនៅក្នុងប្រទេសផ្សេងទៀតដូចជា អឺរ៉ុប អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនជាដើម។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា មានដាននៃ ឧក្រិដ្ឋ ជនសង្គ្រាមរុស្ស៊ីនៅគ្រប់ទីកន្លែង ហើយយើងទាំងអស់គ្នា ត្រូវតែរួបរួមគ្នា ហើយធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់តាមដែលអាច ធ្វើទៅបាន ដើម្បីកុំឱ្យមានការគំរាមកំហែងពីមីស៊ីលរុស្ស៊ីទៀត ហើយគ្មានទីក្រុងណាដែលត្រូវដុតដោយយោធារុស្ស៊ីទៀតឡើយ ដើម្បីកុំឱ្យមានការគំរាមកំហែងពីគ្រោះមហន្តរាយវិទ្យុសកម្មមិនធ្លាប់មានម្តងទៀត៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា