ប្រមុខការពារជាតិរុស្ស៊ី៖ យោធានឹងព្យាយាមសម្រេចគោលដៅ ទាំងអស់ក្នុងសង្គ្រាមអ៊ុយក្រែន
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្សីលោក សឺហ្គេ ស៊យហ្គូ បានគូសបញ្ជាក់ ថា អ្វីដែលលោកហៅថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីក្នុង ប្រទេសអ៊ុយក្រែន កំពុងដំណើរការតាមការគ្រោងទុក ហើយកិច្ចការ ទាំងអស់នឹងត្រូវបញ្ចប់ទាំងស្រុង។
លោក ស៊យហ្គូ បានអះអាងបែបនេះនៅក្នុងកិច្ចប្រជុំមួយនៃក្រុម រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសនានា ដែលចូលរួមក្នុងអង្គការ សហប្រតិបត្តិការសៀងហៃ ដែលធ្វើឡើងក្នុងថ្ងៃពុធសប្តាហ៍នេះ នៅទីក្រុងTashkent ប្រទេសអ៊ូសបេគីស្ថាន។
លោក ស៊យហ្គូ បន្តថា អ៊ុយក្រែនបានបដិសេធមិនអនុវត្តតាមកិច្ច ព្រមព្រៀងទីក្រុងមីនស្ក៍ និងបានបង្កការគំរាមកំហែងជាក់ស្តែងដល់ ប្រជាជននៅក្នុងតំបន់ដុនបាស់ ក៏ដូចជាប្រទេសរុស្ស៊ីផងដែរ។ កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីបេឡារូសក្នុងឆ្នាំ ២០១៥ត្រូវបានរៀបចំឡើងដើម្បីបញ្ចប់ជម្លោះនៅភាគខាងកើតអ៊ុយក្រែន។
លោក ស៊យហ្គូ បន្ថែមថា ការណ៍នេះបានបណ្តាលឱ្យមានតម្រូវការ សម្រាប់ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ហើយថា រុស្ស៊ីនឹងអនុវត្តប្រតិបត្តិការនេះ ទៅតាមការគ្រោងទុក និងសម្រេចបាន នូវគោលដៅទាំងអស់។
ប្រមុខការពារជាតិរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ប្រទេសរបស់ លោកកំពុងមានចេតនាបន្ថយល្បឿននៃយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីកាត់បន្ថយចំនួនជនស៊ីវិលបាត់បង់ជីវិត និងរបួស៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា