លោក បូរីស ចនសុន ធ្វើទស្សនកិច្ចលើកទី ៣ ទៅទីក្រុងកៀវ ខណៈអង់គ្លេសត្រៀមផ្តល់ជំនួយយោធាថ្មីបន្ថែមដល់អ៊ុយក្រែន
កៀវ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានមកដល់ទីក្រុងកៀវនៅថ្ងៃពុធសប្តាហ៍នេះ ចំថ្ងៃប្រារព្ធទិវាឯករាជ្យជាតិរបស់អ៊ុយក្រែន ជាមួយនឹងដំណើរទស្សនកិច្ចលើកទីបីរបស់លោក ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីកាលពីចុងខែកុម្ភៈមក។
នៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោក បូរីស ចនសុន បានអំពាវនាវដល់មេដឹកនាំអ៊ុយក្រែនកុំឱ្យជំរុញផែនការមិនច្បាស់លាស់សម្រាប់ការចរចាជាមួយរុស្ស៊ី។ លោក ចនសុន បានប្រាប់លោក ហ្សេលេនស្គី ថា ចក្រភពអង់គ្លេសនៅជាមួយអ្នក ហើយនឹងនៅជាមួយអ្នកសម្រាប់ថ្ងៃ និងខែខាងមុខ ហើយអ្នកអាចនឹងឈ្នះសង្គ្រាម។
លោក ចនសុន ក៏បានប្រើការបង្ហាញខ្លួនរបស់គាត់នៅទីក្រុងកៀវ ដើម្បីប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ដែលមានតម្លៃ ៥៤លានផោន ឬប្រមាណ ៦៣លានដុល្លារផងដែរ។ សរុបមក ចក្រភពអង់គ្លេសបានផ្តល់ជំនួយយោធាជាង ២.៣ពាន់លានផោន ឬប្រមាណ ២.៧ពាន់លានដុល្លារហើយដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈមក ហើយបច្ចុប្បន្នកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែននៅលើទឹកដីអង់គ្លេស។
កម្មវិធីហ្វឹកហ្វឺនត្រូវបានប្រកាសដោយចក្រភពអង់គ្លេសកាលពីខែមុន ភ្លាមៗបន្ទាប់ពីលោក ហ្សេលេនស្គី បានសារភាពថា យោធារបស់គាត់បានបាត់បង់ជីវិតពី ១០០ ទៅ ២០០នាក់ក្នុងមួយថ្ងៃ ដោយមិនរាប់បញ្ចូលអ្នករងរបួសនៅក្នុងសមរភូមិ ដែលត្រូវបានពិពណ៌នាដោយប្រធានាធិបតីអ៊ុយក្រែនថា ជា “ឋាននរក”៕
ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា