គណៈប្រតិភូសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន នៃក្រសួងនគរបាលវៀតណាម មកបំពេញទស្សនៈកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា
ដីឥដ្ឋ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយគណៈប្រតិភូសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជននៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ួយ ងីឡឹម នាយករងសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន អញ្ជើញមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងនគរបាលវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងការពង្រីកកិច្ចសហការបន្ថែម រវាងសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន និងបណ្ឌិត្យសភានគរបាលកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ន ដោយមានការឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារៈពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ជូនដល់គណៈប្រតិភូ។
តំណាងស្ថាប័នទាំងពីរបានធ្វើការពិភាក្សាស្វែងយល់នូវចំណុចមួយចំនួនខាងក្រោម៖
១. ស្វែងយល់អំពីរចនាសម្ព័ន្ធការងារនៃស្ថាប័នទាំងពីរ និងហេដ្ឋារចនាសម្ព័ន្ធ របស់ ប.ន.ក.
២. ផ្លាស់ប្តូចែករំលែកបទពិសោធលើការងារគ្រប់គ្រងវគ្គសិក្សា និង សម្ភារឧបទេសបម្រើដល់ការបណ្តុះបណ្តាលកងកម្លាំងនគរបាល
៣. ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលកងកម្លាំង រវាងសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន និង បណ្ឌិត្យសភានគរបាលកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញធ្វើដំណើរទស្សនាដោយផ្ទាល់នូវសមិទ្ធផលនានា និងទីតាំង ហ្វឹកហាត់នានា ក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ។ លោកវរសេនីយ៍ឯក ប៊ួយ ងីឡឹម ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ៕ ដោយ-រ៉ាវុធ