អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ បើទណ្ឌិត សម រង្ស៊ី ហ៊ានមកកម្ពុជា ហ៊ានជាប់គុក ខ្នោះរង់ចាំ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើទណ្ឌិត សម រង្ស៊ី ក្លាហានហ៊ានចូលមកប្រទេសកម្ពុជា ហ៊ានជាប់គុក ខ្នោះរង់ចាំ ព្រោះដីកាចាប់ខ្លួនមានអស់ហើយ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមេក្លោងឧទ្ទាមក្រៅច្បាប់កាលពីថ្ងៃទី២៣ ខែសីហា បានប្រកាសថា នឹងធ្វើដំណើរពីក្រៅប្រទេសមកចូលរួមក្នុងសវនាការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដោយបានភ្ជាប់ជាមួយលក្ខខណ្ឌបីចំណុច។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS ថា “ទណ្ឌិត សម រង្ស៊ី ជាន់ដីខ្មែរកាលណាកាន់តែស្រួលហើយ កាលណាចូលដល់ដីខ្មែរខ្នោះហើយ ព្រោះមានដីកាច្រើនណាស់។ ការលើកឡើងរបស់ទណ្ឌិតរូបនេះ គ្រាន់តែជាសារកម្លាចិត្តដើម្បីកុំឱ្យថាខ្លួនឯងកំសាក តាមពិតមិនហ៊ានមកទេ បើហ៊ានមកហ៊ានជាប់គុក គ្មានបានចូលសវនាការទាន់ទេ ព្រោះដីកាចាប់ខ្លួនមានអស់ហើយ ចាំបាច់សវនាការអីទៀត ចូលគុកសិន។ ប៉ុន្មានឆ្នាំហើយបូកសរុបដូចជា ១២ , ១៣ ដីកា ដីកាកោះរុំខ្លួន ដីកាជាប់រុំខ្លួន”។
ចំណែកឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS ថា ការកោះរបស់របស់តុលាការ គឺជាការអនុវត្តនីតិវិធីធម្មតារបស់តុលាការតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ការដាក់លក្ខខណ្ឌ ឬក៏ការស្នើសុំរបស់ទណ្ឌិត សម រង្ស៊ី គឺជារឿងផ្សេងទៀត។ ទោះបីជាគាត់ចូលមិនចូលសវនាការក៏ដោយ គឺនីតិវិធីនៅតែទៅមុខតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ កន្លងមកមិនមានអ្នកណាហាមឃាត់ ឬក៏រារាំងហាមប្រាមគាត់មិនឱ្យចូលមកនោះទេ បើគាត់ចូលមកដើម្បីចូលរួមក្នុងដំណើរការនីតិវិធីតុលាការ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “កន្លងមកអ្វីដែលគាត់ចូលមកហ្នឹង គឺជាផែនការមួយដើម្បីប្រមូលកម្លាំងប្រដាប់ ប្រមូលមនុស្សឲ្យមកជួបជុំតវ៉ាផ្តួលរំលំរដ្ឋាភិបាល អាហ្នឹងបានគេមានវិធានការឆ្លើយតបទប់ស្កាត់ដូចជាពេកកន្លងមក”។
សូមជម្រាបថា តុលាការនឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីរួមគំនិតក្បត់ ដែលមានជនជាប់ចោទ សម រង្ស៊ី និងបក្ខពួកចំនួន ៣៣នាក់ ផ្សេងទៀត សរុបចំនួន ៣៤នាក់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ ដីកាកោះជនជាប់ចោទទាំង៣៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលធានីភ្នំពេញយកទៅបិទនៅប៉ុស្តិ៍ននគរបាល និងសាលាសង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការលើសំណុំរឿង រួមគំនិតក្បត់ មានដូចជា លោកស្រី ង៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ លោក ធ្ធាំ ប៊ុណា្ណ និងលោកស្រី លី សុខវួច ជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។ លោក សេង ហៀង ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងឈុន សុវណ្ណ ជាក្រឡាបញ្ជីសវនាការ។ មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួកចំនួន៣៣នាក់ (សរុប៣៤នាក់) ជាប់ចោទពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេង កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រុមព្រហ្មទណ្ឌ៕
ដោយ៖ពលជ័យ