ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ អនីតិជនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ ជា យុវជន ចំនួនបី នាក់ ក្នុងចំណោមគ្នីគ្នាបួននាក់ ពាក់ព័ន្ធ ករណីរំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនីតិវិធី ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ បានឲ្យដឹងថា៖ជនសង្ស័យមាន ១.ឈ្មោះហឿម សុជា អាយុ២២ឆ្នាំ(ជាសង្សារ) ស្រុកកំណើតភូមិកណ្តាល ត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង,២.-ឈ្មោះពិចិត្រ សាធា អាយុ១៧ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី៣.ឈ្មោះ ហួត ភិល អាយុ២០ឆ្នាំ ស្រុកកំណើត នៅភូមិ-ឃុំអូរស្រឡៅ ស្រុកវាលវែង ខេត្តពោធិសាត់ មុខរបរ (បើកឡានដឹកទឹកកក) ។ចំណែកទី៤.ឈ្មោះ ឆន សុវណ្ណរដ្ឋ អាយុ១៨ឆ្នាំ នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងកំពុង រត់គេច ខ្លួន។ ទាំងបួននាក់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្ថិតនៅភូមិគោរដ្ឋាន សង្កាត៎អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយការិយាល័យ បានបញ្ជាក់អំពីរឿងរ៉ាវនេះថា នៅយប់ថ្ងៃទី២២ ខែសីហា ឈ្មោះហឿម សុជា ជាសង្សារ បានឆាតតាមទូរស័ព្ទទៅក្មេងស្រីរងគ្រោះ ដែលរស់សង្កាត់អំបិល ឲ្យមកលេងនៅនឹង បន្ទប់ជួល របស់គេដែលស្នាក់នៅទល់មុខស្ថានីយទឹកស្អាត ស្ថិតនៅ ភូមិគោរដ្ឋាន សង្កាត៎អូរអំបិល។ពេលនាង មកដល់ក៏ បាន ធ្វើ សកម្មភាពចាប់នាងរំលោភចំនួនពីរដង។បន្ទាប់មកក៏ មានគ្នីគ្នាគេចំនួនបីនាក់ទៀត ដែលស្នាក់នៅបន្ទប់ជួល ជាមួយគ្នានោះបានចូលរួមនាងរំលោភនាងដែរ។

បន្ទាប់មក នៅថ្ងៃទី២៣ ខែសីហា ជនសង្ស័យត្រូវបាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជាបន្ត បន្ទាប់បានចំនួនបីនាក់និងម្នាក់រត់គេចខ្លួន តាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះនិងអាណាព្យាបាល ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងយេនឌ័រ បានបញ្ជាក់ថា ជនសង្ស័យបាន សារភាពថា ពួកគេ ពិតជាបានរំលោភក្មេងស្រីរងគ្រោះ មែន។ខណៈនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ជនសង្ស័យដែលគេចខ្លួនម្នាក់ទៀតយកមកចាត់ការតាមផ្លូវច្បាប់៕ដោយ៖ឃិន គន្ធា

ads banner