កូរ៉េខាងជើងរកឃើញករណីសង្ស័យឆ្លងកូវីដ-១៩ថ្មី ពីរសប្តាហ៍ក្រោយប្រកាសជ័យជម្នះទប់ស្កាត់វីរុសនេះ
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានរកឃើញករណីគ្រុនក្តៅថ្មីចំនួន ៤ នៅក្នុងតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដែលអាចបណ្តាលមកពីករណីឆ្លងជំងឺកូវីដ១៩ ពីរសប្តាហ៍បន្ទាប់ពីមេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះក្នុងការទប់ស្កាត់វីរុសរាតត្បាតសកលមួយនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា បុគ្គលិកសុខាភិបាលកំពុងធ្វើតេស្ដហ្សែនលើសំណាកដែលយកពីមនុស្ស ៤នាក់នៅក្នុងខេត្ត Ryanggang ដែលបានបង្ហាញអាការៈគ្រុនក្តៅ ដើម្បីបញ្ជាក់ថាតើរោគសញ្ញានេះ ត្រូវបានបង្កឡើងដោយវីរុសកូវីដ១៩ដែរឬអត់។
ភ្លាមៗ អាជ្ញាធរក្នុងតំបន់បានចេញបញ្ជាបិទខ្ទប់នៅតំបន់ដែលករណីគ្រុនក្តៅលេចឡើង ហើយនឹងរក្សាការរឹតបន្តឹងយ៉ាងតឹងរ៉ឹង រហូតដល់បុគ្គលិកសុខាភិបាលអាចកំណត់ពីមូលហេតុនៃជំងឺនេះច្បាស់លាស់។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានអះអាងថា មិនមានករណីឆ្លងជំងឺកូវីដ១៩ណាមួយនៅក្នុងប្រទេសឡើយ ចាប់តាំងពីថ្ងៃទី១០ ខែសីហាមក នៅពេលដែលលោក គីម ជុងអ៊ុន ប្រកាសថា បានទទួលជ័យជម្នះលើវីរុសនេះ ហើយបានបញ្ជាឱ្យបន្ធូរបន្ថយវិធានការបង្ការ ត្រឹមតែបីខែបន្ទាប់ពីកូរ៉េខាងជើងបានទទួលស្គាល់ការផ្ទុះឡើងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា