បេសកជនចិនព្រមានពីគ្រោះថ្នាក់នៃសង្គ្រាមត្រជាក់ថ្មី
អ.ស.ប: បេសកជនចិន នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានពីគ្រោះថ្នាក់នៃសង្គ្រាមត្រជាក់ថ្មី ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការការពារស្ថិរភាពយុទ្ធសាស្ត្រសកល។
តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិលោក Zhang Jun បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខយូអិន ស្តីពីជម្លោះអ៊ុយក្រែនថា វិបត្តិអ៊ុយក្រែន និងការវិវត្តន៍ស្ថានភាពតានតឹងថ្មីៗជាបន្តបន្ទាប់នៅជុំវិញពិភពលោក បានបង្ហាញថា យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងការប៉ុនប៉ងដោយចេតនាណាមួយ ដើម្បីបង្កបញ្ហា និងបង្កើនការបែកបាក់ ព្រមទាំងការប្រឈមមុខដាក់គ្នា ហើយយើងត្រូវតែការពារស្ថិរភាពយុទ្ធសាស្ត្រសកល។
លោកបន្តថា យើងមិនគួរអនុញ្ញាតឱ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់ថ្មីទេ លោកថា ការពិតបានបង្ហាញថា ចិត្តគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងប្លុកត្រូវតែត្រូវបានបដិសេធយ៉ាងម៉ឺងម៉ាត់។ លោកបន្ថែមថា ជាង ៣០ឆ្នាំបន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់មក អង្គការណាតូបានបន្តពង្រីកខ្លួនទៅទិសខាងកើត ដែលមិនបានធ្វើឱ្យអឺរ៉ុបមានសុវត្ថិភាពនោះទេ ប៉ុន្តែបានសាបព្រោះគ្រាប់ពូជនៃជម្លោះ។
លោក Zhang Jun បានសង្កត់ធ្ងន់ទៀតថា មនុស្សជាតិទាំងអស់រស់នៅក្នុងសហគមន៍សន្តិសុខដែលមិនអាចបំបែកបាន ហើយសន្តិសុខរួម គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។ ប្រទេសចិនគោរពយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដទៃ ហើយប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា