មនុស្សស្លាប់កើនជិត មួយពាន់នាក់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅប៉ាគីស្ថាន ចាប់តាំងពីពាក់កណ្តាលខែមិថុនា

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារគ្រោះមហន្តរាយប៉ាគីស្ថាន នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ដោយបានបណ្តាលឱ្យមនុស្សរហូតដល់ ៩០៣នាក់ស្លាប់ និងប្រហែល ៥០,០០០នាក់ទៀតបាត់បង់ផ្ទះសម្បែង។

ស្របពេលដែលផ្ទះរាប់ពាន់ខ្នងត្រូវបានទឹកជន់លិចនោះ គិតមកទល់ពេលនេះអ្នកស្រុកជាច្រើនរស់នៅក្នុងតង់ ដែលមានចម្ងាយរាប់គីឡូម៉ែត្រពីភូមិ និងទីប្រជុំជនដែលត្រូវជន់លិចរបស់ពួកគេ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយទាហាន បុគ្គលិកទប់ស្កាត់គ្រោះមហន្តរាយក្នុងតំបន់ និងអ្នកស្ម័គ្រចិត្ត។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា មនុស្សចំនួន ១២៦នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ ដោយជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ទឹកជំនន់បានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចប៉ាគីស្ថានកាន់តែធ្ងន់ធ្ងរ។

ជាការឆ្លើយតបនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shahbaz Sharif បានចេញសេចក្តីអំពាវនាវមួយពីក្រៅប្រទេស ក្នុងថ្ងៃពុធសប្តាហ៍នេះ ដោយជំរុញសប្បុរសជនឲ្យជួយតំបន់រងគ្រោះដោយទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន។

លោក Sharif បច្ចុប្បន្នស្ថិតនៅក្នុងរដ្ឋ Gulf Arab នៃប្រទេសកាតា ជាកន្លែងដែលគាត់បានមកដល់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ប្រាក់កម្ចី និងការវិនិយោគបរទេសសម្រាប់ប្រទេសរបស់គាត់។ រដ្ឋាភិបាលរបស់លោកបានសន្យាផ្តល់សំណងដល់អ្នកដែលបានបាត់បង់ផ្ទះសម្បែងក្នុងគ្រោះទឹកជំនន់៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner