ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ សម្រាប់យកទៅអនុវត្តន៍ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពុជា គឺជាផ្នែកមួយក្នុងការពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីបុគ្គលិក សម្រាប់យកទៅអនុវត្តនៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។ ការលើកឡើងដូច្នេះរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី២៥ សីហា ឆ្នាំ២០២២ ក្នុងពិធីបើកវគ្គសុក្រឹតការ ជំនាន់ទី១៤ ដល់ជូនមន្ត្រីបុគ្គលិកចំនួន ៦០រូប មកពីបណ្ដាផ្នែកក្នុងក្របខណ្ឌធនាគារជាតិនៃកម្ពុជា។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា វគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពីផ្ដល់ចំណេះដឹងជំនាញនោះក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិកចេះហាត់ពុតលុតដំខ្លួន ឲ្យបានសមតាមតួនាទីភារកិច្ចចំបងៗរបស់ខ្លួន ក៏ដូចធនាគារកណ្ដាល និងភារកិច្ចផ្សេងៗដែលជាទិសដៅរួម ក្នុងការឈានឆ្ពោះទៅសម្រេចតាមដៅផែនការ ដើម្បីធ្វើឱ្យធនាគារជាតិនៃកម្ពុជា មានការអភិវឌ្ឍរីកចម្រើនស្របតាមបរិបទសង្គម និងសេដ្ឋិកិច្ចជាតិ និងស្របតាមកាលៈទេសៈ ហើយក៏ជាឱកាសមួយដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍ការងារគ្នារវាងអង្គភាពមួយទៅអង្គភាពមួយទៀត សម្រាប់ជាផលប្រយោជន៍រួម នឹងដើម្បីភាពរីកចម្រើនរបស់ស្ថាបន័ ពិសេសក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យមន្ត្រីវ័យក្មេងដែលជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធ៌ម គុណធ៌ម និងមានវិន័យល្អនៅក្នុងការបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អ មានភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់អភិវឌ្ឍន៍ចំណេះ ដឹងរបស់ខ្លួនដោយស្វ័យសិក្សា ជាពិសេស ត្រូវខិតខំត្រង់ត្រាប់ក្រេបយកចំណេះដឹងពីបទឧទ្ទេសនាមដែលមានក្នុងវគ្គ
សុក្រឹត្យការនេះ សម្រាប់យកទៅអនុវត្តក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
តាមការបញ្ជាក់ពីលោក ចាត សូវីរៈ ប្រធាននាយកដ្ឋានបុគ្គលិកបានឱ្យដឹងថា វគ្គសុក្រឹតការជំនាន់ទី១៤នេះ ដំណើរការចំនួន ៦សប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២តទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការរីកចម្រើននៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយប្រធានបទសំខាន់ៗដែលត្រូវលើកយកបណ្ដុះបណ្ដាលរួមមាន៖ លក្ខន្តិកៈដោយឡែកមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ វិជ្ជាជីវៈ និងការគ្រប់គ្រងធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា។ ការរៀបចំនិងអនុវត្តគោលនយោបាយរូបិយវត្ថុ។ នីតិវិធីចងក្រង និងដំឡើងជញ្ជីងទូទាត់ស្ថិតិរូបិយវត្ថុ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ៗ។ ការត្រួតពិនិត្យប្រព័ន្ធធនាគារ។ ការគ្រប់គ្រងទីផ្សារប្តូរប្រាក់។ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។ សម្ព័ន្ធការជាមួយស្ថាប័នហិរញ្ញវត្ថុដទៃ និងរដ្ឋាភិបាល ។ ការគ្រប់គ្រងហិរញ្ញវត្ថុធនាគារកណ្តាល ។ ការគ្រប់គ្រងហានិភ័យធនាគារកណ្តាល និងអភិបាលកិច្ចល្អ។-ការគ្រប់គ្រងសាច់ប្រាក់។ ការបោះផ្សាយរូបិយវត្ថុ។ ការគ្រប់គ្រងប្រព័ន្ធទូទាត់សងប្រាក់។ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម រួមនឹងប្រធានបទស្របនឹងស្ថានភាពជាក់ស្តែងមួយចំនួនទៀតផងដែរ ៕ ដោយ វ៉េង លីមហួត