ទឹកធ្លាក់អូរជាំ កំពុងបង្ហាញខ្លួនក្នុងធម្មជាតិដ៏ស្រស់ត្រកាល ក្រោមម្លប់សន្តិភាព
ខេត្តបាត់ដំបង ៖ ទឹកធ្លាក់អូរជាំ ធ្លាប់ជាទីតាំងឃុំគ្រងដោយជម្លោះប្រដាប់អាវុធ កាលជំនាន់ពីសង្រ្គាមស៊ីវិលក្នុងទស្សវត្ស១៩៨០និង១៩៩០ គ្មាននរណាសូវបានស្គាល់។ ឥឡូវនេះ ទីតាំងធម្មជាតិ បានបង្ហាញសម្រស់ដ៏អស្ចារ្យ នៅកណ្តាលព្រៃភ្នំនៃដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ព្រៃឈើនៅក្នុងសហគមន៍ បានក្លាយជាទីកន្លែង ដែលមានការការពារនិងអភិរក្សធម្មជាតិបានល្អប្រសើរ។ ល្អប្រសើរត្រង់ថា កម្ពុជាមានសុខសន្តិភាព បើកឱកាសឲ្យប្រជាពលរដ្ឋានបានស្គាល់ពីមាតុភូមិ របស់ខ្លួនកាន់ច្បាស់ ស្គាល់ពីតម្លៃនៃធនធានធម្មជាតិ ដែលប្តូរពីការកាប់បំផ្លាញដើម្បីប្រយោជន៍រយៈពេលខង្លី ងាកមករួមគ្នាថែទាំ និងការពារ ដើម្បីចំណូលពីទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី គឺជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យមានការកម្សាន្ត របស់អ្នកទេសចរណ៍ នៅតាមតំបន់វប្បធម៌ ធម្មជាតិនានានៅកម្ពុជា ដើម្បីក្លាយជាចរន្តជួយបង្កើនជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ១៩ បានធូស្រាល។
ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅទឹកធ្លាក់អូរជាំអាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមានការធានាសុវត្ថិភាពខ្ពស់ និងទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃទឹកដីសំឡូតដែលធ្លាប់តែមានសង្រ្គាមកន្លងមកផងដែរ ។
លោក គឹម សុង អតីតកងកម្លាំងខ្មែរក្រហម ដែលបានសមាហរណកម្មជាកងយោធពលខេមរភូមិន្ទ ហើយបានចូលនិវត្តន៍ បច្ចុប្បន្នបានក្លាយជាប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ។ លោកបាននិងកំពុងដឹកនាំសហគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ បានចំណូលពីទេសចរណ៍ធម្មជាតិ មិនទៅចូលព្រៃកាប់ព្រៃឈើនោះឡើយ។
លោក គឹម សុង បានឱ្យដឹងថា បច្ចុប្បន្នដោយសារកំណើនភ្ញៀវទេសចរ បានធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលពីវិស័យនេះ សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់អាចដាំដំណាំកសិកម្ម សម្រាប់លក់ជូនភ្ញៀវទេសចរ ថែមទៀត ។
លោកប្រធានសហគមន៍ ឱ្យដឹងដែរថាភ្ញៀវទេសចរ ពេលមកដល់ គឺត្រូវកម្សាន្តជាមួយធម្មជាតិ ទឹកជ្រោះ ព្រៃឈើ សត្វព្រៃ និងអាចបោះតង់ ឬសម្រាកនៅតាមផ្ទះលំហែ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ។ អ្នកទេសចរណ៍ ក៏អាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះបានដូចជា ឆាក្រវាញ ម្ជូររចេកព្រៃ មាន់ដុតចេកព្រៃ និងម្ហូបប្លែកៗ ដែលចំអិនដោយមានបន្លៃបង្ការធម្មជាតិ បេះតាមតំបន់ព្រៃ ដែលមានរស់ជាតិឆ្ងាញ់ពិសារ។
ដោយសារតែអំណោផលពីភូមិសាស្រ្ត បានធ្វើសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មិនត្រឹមតែជាទីតាំងភូមិសាស្រ្តកម្សាន្តទេ នៅជាកន្លែងដាំដុះដំណាំកសិកម្ម របស់ប្រជាសហគមន៍យ៉ាងសម្បូរបែបទៀត។ការការពារនិងអភិរក្សធនធានធម្មជាតិ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ មានការគិតគូរពីប្រយោជន៍យូរអង្វែងសម្រាប់កូនចៅតជំនាន់។ លោក គឹម សុង បានបង្កើតជាក្រុមល្បាតការពារធម្មជាតិក្នុងសហគមន៍ និងបានថែទាំ និងដាំស្តាព្រៃបន្ថែម ដើម្បីជួយការពារឈើឈរ បានប្រយោជន៍ពីទេសចរណ៍ធម្មជាតិ។
គួរបញ្ជាក់ថាកាលបើអ្នកទេសចរទៅកម្សាន្តទឹកធ្លាក់អូរជាំ គេអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើពីមួយតំណាក់ទៅមួយតំណាក់ ដោយឆ្លងកាត់ជ្រលងដងអូរ ដើមឈើតូចធំ ផ្ទាំងថ្ម ជំរាលភ្នំនិងពិសេស ទឹកធ្លាក់ប្រដេញគ្នាធ្លាក់មកក្រោម ដែលគេអាចកម្សាន្ត ដោយការងូតទឹក ថតរូប ឬសម្រាកលំហែតាមផ្លូវដោយក្តីសប្បាយរីករាយ។ ទីតាំងដ៏អំណោយផលទាំងព្រៃឈើ សត្វព្រៃ មច្ឆាដែលមានវត្តមាននៅទីកន្លែងនេះនិងពិសេសបរិស្ថានស្អាតល្អ បានទាក់ទាញធ្វើឱ្យអ្នកទេសចរលង់លក់ក្នុងអារម្មណ៍នៃដំណើរកម្សាន្តរបស់ខ្លួន។
ទឹកធ្លាក់អូរជាំផ្នែកខាងលើគេបង្អស់មានកំពស់ ៣០ម៉ែត្រ ដែលហ៊ុព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង ២ហិចតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់ពេកក្រៃ ៕ ដោយ ៖ ម៉ាដេប៉ូ