ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ហើយ និងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ

ខេត្តកំពង់ស្ពឺ៖ កីឡដ្ឋានស្តង់ដារអន្តរជាតិ ដែលបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺ គ្រោងដាក់សម្ពោធក្នុងពេលឆាប់ៗនេះហើយ ក្រោយការសាងសង់នៅសេសសល់តិចតួចប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក្នុងពេលបើកការប្រកួតមិត្តភាពស្ទៀបស្ទង់សមត្ថភាព និងដកស្រង់បច្ចេកទេស នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការប្រកួតនេះធ្វើឡើងរវាងកីឡាករមកពីក្លឹបអាហ្គាវើលជាមួយក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ។ ម្យ៉ាវិញទៀត ជាការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេស និងសាកល្បងទីលានស្មៅដែលទើបស្ថាបនាជិតរួចរាល់តែប៉ុណ្ណោះ ។ ទន្ទឹមនឹងការសាកល្បងនេះដែរ ជាមួយកីឡដ្ឋានដ៏ប្រណិតនេះ នឹងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ តាមរយៈសមិទ្ធផលថ្មីនេះនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរួមជាមួយផ្សេងៗទៀត ។

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីៗលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត ។

សូមបញ្ជាក់ថា កីឡដ្ឋានស្តង់ដារអន្តរជាតិរបស់ខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ នៃមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងឱ្យទាន់ពេលវេលាដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ៕ ដោយ៖ ម៉ុន សំអាត

ads banner