សត្វគោ ១ក្បាលត្រូវបានងាប់ភ្លាមៗ និងសត្វគោជាច្រើនក្បាលទៀតផ្អើលរត់ចែកជើងគ្នា ខណៈមានហេតុការណ៍ផ្ទុះមីនកក្រើកព្រៃក្បែរព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ សត្វគោ ១ក្បាលត្រូវបានងាប់ភ្លាមៗ និងសត្វគោជាច្រើនក្បាលទៀតផ្អើលរត់ចែកជើងគ្នា ខណៈមានហេតុការណ៍ផ្ទុះមីនកក្រើកព្រៃក្បែរព្រំដែនកម្ពុជា-ថៃ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅជិតព្រំដែនកម្ពុជា-ថៃ មុខភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកឃោគស៊ូង ខេត្តស្រះកែវ (ខាងថៃ) ។ នេះបើយោងតាមរបាយការណ៍របស់នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងនៅថ្ងៃនេះ ។

លោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩១១ បានបន្តឲ្យដឹងថា៖ នៅមុនពេលកើតហេតុ មានសត្វគោរបស់ថៃ ០១ហ្វូង បានដើរស៊ីស្មៅ នៅជិតព្រំដែន ក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំ /ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកឃោគស៊ូង ខេត្តស្រះកែវ (ខាងថៃ) ។

នាថ្ងៃទី២៥ សីហា ២០២២ វេលាម៉ោង១៣:៥០នាទី សត្វគោរបស់ពលរដ្ឋថៃបានដើរស៊ីស្មៅក្នុងព្រៃចំការមីនហើយបានជាន់ផ្ទុះបណ្តាលឲ្យស្លាប់ខ្ទេចខ្លួន ០១ក្បាល រីឯគោផ្សេងទៀតជាហ្វូងជាមួយគ្នាបានផ្អើលរត់ចេញក្រៅចំការមីនអស់ ចំពោះម្ចាស់គោ និងកម្លាំងយើងមិនអាចចូលដល់ចំណុចនេះឡើយ ព្រោះកន្លែងនេះជាតំបន់ចំការមីន (រ៉បបន្ទាត់ព្រំដែន) កម្ពុជា-ថៃ ៕ ដោយ ៖ ឃិន គន្ធា

ads banner