មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មតវ៉ានៅអាហ្រ្វិកខាងត្បូង ជុំវិញទំនិញឡើងថ្លៃ និងភាពអត់ការងារធ្វើ
ប្រជាជនអាហ្រ្វិកខាងត្បូងរាប់ពាន់នាក់កាលពីថ្ងៃពុធ បានដើរដង្ហែតាមដងផ្លូវ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការកើនឡើងនៃការចំណាយលើជីវភាពប្រចាំថ្ងៃ ឬតម្លៃនៃការរស់នៅ និងភាពការអត់ការងារធ្វើ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចឧស្សាហកម្មបំផុតរបស់ទ្វីបមួយនេះ។
ការតវ៉ានេះ ដឹកនាំដោយសហជីពធំៗចំនួន២ ដែលអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈការផ្ដាច់ចរន្តអគ្គិសនីមិនឈប់ ការកាត់ផ្តាច់ការងារ និងភាពការអត់ការងារធ្វើក្នុងចំណោមបញ្ហាផ្សេងៗទៀត។
សហព័ន្ធសហជីពអាហ្រ្វិកខាងត្បូង (SAFTU) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការសម្រេចចិត្តធ្វើកូដកម្មទូទៅ និងការបិទប្រទេស ធ្វើឡើងជាលទ្ធផលនៃស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែអាក្រក់សម្រាប់វណ្ណៈកម្មករ និងសហគមន៍ក្រីក្រដែលខ្វះខាត»។ សហជីបនិយាយថា តម្លៃនៃការរស់នៅ និងភាពអត់ការងារធ្វើ បានកើនឡើង។
សមាជនៃសហជីពអាហ្រ្វិកខាងត្បូង (COSATU) ដែលជាសហជីពដ៏ធំបំផុត ដែលជាផ្នែកមួយនៃកូដកម្មសេដ្ឋកិច្ចសង្គម កំពុងទាមទារឱ្យរដ្ឋាភិបាល ធ្វើយ៉ាងណាចាត់វិធានការប្រឆាំងនឹងការដួលរលំនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។
ការដង្ហែក្បួនតវ៉ា ត្រូវបានរៀបចំឡើងនៅក្នុងខេត្តចំនួន ៩ របស់អាហ្រ្វិកខាងត្បូង។ ក្រុមអ្នកតវ៉ាខ្លះបានលើកបដា ដែលមានសរសេរថា៖ «ឈប់យកប្រាក់ចំណេញដាក់មុខ ធំជាងប្រជាជន»។
លោកMametlwe Sebei ប្រធានសហភាពកម្មករឧស្សាហកម្មទូទៅនៃអាហ្វ្រិកខាងត្បូង និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃពុធថា៖ «សេដ្ឋកិច្ចមិនដំណើរការ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាកម្មករភាគច្រើនលើសលប់នោះទេ។ វិសមភាពកំពុងរីងឡើង ហើយភាពក្រីក្រក៏កាន់តែខ្លាំង»។
លោក Sebei និយាយ ការតវ៉ាចង់ទាមទារឱ្យរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន ៧៣៥ ដុល្លារក្នុងមួយខែដើម្បីឱ្យកម្មករមានលទ្ធភាពរស់នៅសមរម្យ។លោកបន្តថា៧៥ % នៃកម្មករអាហ្រ្វិកខាងត្បូង រកចំណូលក្រោម ៣៤១ ដុល្លារ ហើយកម្មករភាគច្រើនមិនអាចមានលទ្ធភាពទិញអាហារមូលដ្ឋាន និងចំណាយលើការដឹកជញ្ជូន ដោយសារតែប្រាក់ឈ្នួលទាបធ្វើឱ្យមនុស្សជាច្រើនអត់ឃ្លាន។
ស្ថិតិរបស់ប្រទេសបង្ហាញថា ប្រជាជនអាហ្វ្រិកខាងត្បូងប្រហែល ៧,៨ លាននាក់ គ្មានការងារធ្វើ។ ទន្ទឹមនឹងភាពគ្មានការងារធ្វើ ការឡើងថ្លៃនៃទំនិញ និងថាមពល ក៏ធ្វើឱ្យការចំណាយរបស់ប្រជាជនឡើងខ្ពស់ ដោយអតិផរណារបស់អាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៧,៨ %ក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩។
លោក Azar Jammineប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនប្រឹក្សាEconometrix និយាយថាមូលហេតុចម្បងជាក់ស្តែងនៃកំណើនអតិផរណានេះ «គឺការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈនៅដើមខែកក្កដា និងការកើនឡើងតម្លៃម្ហូបអាហារជាបន្តបន្ទាប់ ដែលជាលទ្ធផលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបញ្ឈប់ការនាំចេញស្បៀងអាហារចាប់ពីចុងខែកក្កដា រហូតដល់ថ្មីៗនេះ ដែលជំរុញឱ្យតម្លៃទំនិញជាសកលកើនឡើង»។
ក្រុមអ្នកតវ៉ាកាលពីថ្ងៃពុធស្រែកថា៖ «ត្រូវនិយាយថាទេចំពោះអតិផរណាខ្ពស់» និង«បញ្ឈប់ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ»។ ក្នុងក្រុងPretoria អ្នកដែលកាន់បដាដែលនិយាយថា«បញ្ឈប់ការយកពន្ធលើមុខទំនិញម្ហូបអាហារជាមូលដ្ឋាន» បានច្រៀងនៅពេលពួកគេដើរកាត់កណ្តាលទីក្រុងឆ្ពោះទៅកាន់Union Buildings ដែលមានការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកCyril Ramaphosa។
កាលពីខែមុន ធនាគារកណ្តាលរបស់ប្រទេស បានផ្តល់នូវការដំឡើងអត្រាការប្រាក់ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល២០ ឆ្នាំ ដើម្បីព្យាយាមទប់ស្កាត់អតិផរណា។ ប៉ុន្តែក្រុមសហជីពធំៗ ដែលដឹកនាំការតវ៉ាទាំង២កាលពីថ្ងៃពុធ បានជំរុញឱ្យរដ្ឋាភិបាល ធ្វើអន្តរាគមន៍ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈនិងកាត់បន្ថយអត្រាការប្រាក់ជាដើម។
កូដកម្មទូទាំងប្រទេសនេះ រៀបចំឡើងនៅពេលដែលអាហ្រ្វិកខាងត្បូងប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃបញ្ហាពិភពលោកសំខាន់ៗដូចជា វិបត្តិកូវីដ-១៩និងសង្គ្រាមនៅអ៊ុយក្រែន។ ខណៈក្រុមអ្នកតវ៉ាធ្វើកូដកម្មបិទប្រទេស រដ្ឋាភិបាលមិនបានចេញប្រតិតកម្មយ៉ាងណាទេ ប៉ុន្តែព្រមានមន្ត្រីរាជការណាដែលចូលរួមសកម្មភាពនេះ នឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់ «អត់ធ្វើការ កាត់ប្រាក់ខែ»។
កាលពីខែកក្កដា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Thabo Mbeki ដែលដឹកនាំប្រទេសចន្លោះពីឆ្នាំ ១៩៩៧ ទៅ ២០០៧ បានរិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាលលោក Ramaphosaចំពោះការបរាជ័យក្នុងការដោះស្រាយភាពក្រីក្រ ភាពអត់ការងារធ្វើ និងវិសមភាព។
លោក Mbeki និយាយថា រដ្ឋាភិបាលហាក់ដូចជាមិនមានផែនការដោះស្រាយបញ្ហាទាំងនេះ ដោយព្រមានថាការកើនឡើងនៃភាពក្រីក្រ និងភាពលំបាក អភិបាលកិច្ចមិនល្អ និងភាពគ្មានច្បាប់ដែលកើនឡើង អាចធ្វើឱ្យអាហ្រ្វិកខាងត្បូងធ្លាក់ទៅក្នុងវិបត្តិដូច «បដិវត្តនិទាឃរដូវអារ៉ាប់»។ ប្រភព៖ AA
