ទូតឥណ្ឌា​ប្រចាំ UN ប្រកាសជំនួយ​ដល់អ៊ុយក្រែន ​និងអំពាវនាវ​ឱ្យភាគីជម្លោះ​ចរចា​គ្នា​

ប្រទេស​ឥណ្ឌា​ដែល​ជា​មហាយក្ស​នៅ​អាស៊ី​ខាងត្បូង​​ និ​ង​មិនបាន​អនុវត្ត​​​​​ទណ្ឌកម្ម​ប្រឆាំ​ង​ប្រទេស​រុស្ស៊ី​តាម​​ការ​រៀប​ចំឡើង​របស់​ប្រទេស​លោក​ខាងលិច បាន​បន្ត​​​ដឹកជំនួយ​​​​​​ថ្នាំ​ពេទ្យ​ទៅ​ជួយ​​ប្រទេស​​អ៊ុយក្រែន ចំថ្ងៃដែល​ប្រទេស​អ៊ុយក្រែន​​ប្រារព្វទិវា​ឯករា​​ជ្យ​​ជាតិ​ខួប​លើក​ទី​៣១​ឆ្នាំ​។

​ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​ស្តី​ពី​ស្ថានការណ៍​នៅ​អ៊ុយក្រែន​​ដែល​រៀប​ចំឡើង​​កាល​​ពីថ្ងៃ​ពុធ ចំពេល​ដែល​ប្រទេស​​អ៊ុយក្រែង​ប្រារព្វខួប​ទិវា​ឯករាជ្យ​​​​លើក​ទី៣១​ឆ្នាំ ​និង​ចំថ្ងៃដែលរុស្ស៊ី​លើក​ទ័ព​ចូល​ប្រទេសអ៊ុយ​រយៈពេល​៦​ខែ​គត់ តំណាងអចិន្ត្រៃយ៍​ឥណ្ឌាប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Ruchira Kamboj បាននិយាយ ប្រទេសឥណ្ឌា​បានត្រៀម​ខ្លួនរួច​រាល់​ហើយ​ក្នុង​ការបញ្ជូន​ជំនួយមនុស្សធម៌លើកទី១២​តាមការស្នើសុំរបស់អ៊ុយក្រែន។

យោង​តាម​អ្នកការ​ទូតឥណ្ឌា ទំនិញ​ទាំង​នោះរួមមានថ្នាំ​២៦​ប្រភេទ និង​សម្ភារៈពេទ្យ​​​។

លោកស្រីបានសង្កត់ធ្ងន់ថា គោលជំហររបស់ឥណ្ឌា គឺជំរុញកិច្ចសន្ទនា និងការទូត ដើម្បីបញ្ចប់ជម្លោះ និងបន្ធូរបន្ថយបញ្ហាសេដ្ឋកិច្ច ដែលកើតចេញពីស្ថានភាពនៅអ៊ុយក្រែន។

លោកស្រី​​ Ruchira Kamboj បាននិយាយកាលពីថ្ងៃពុធថា ឥណ្ឌា​លើកទឹក​ចិត្ត​ឱ្យ​មាន​កិច្ចចរចា​រវាង​អ៊ុយក្រែន និងរុស្ស៊ី។ នៅក្នុងសុន្ទរកថា​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លោក Kamboj បាននិយាយថា «ឥណ្ឌា​លើកទឹក​ចិត្ត​ឱ្យ​មាន​កិច្ចចរចារ​វាង​អ៊ុយក្រែន និងរុស្ស៊ី ហើយនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ​ដោយ​ផ្ទាល់​ បាននិយាយ​រឿង​នេះ​ទៅកាន់ពួកគេ»​។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅ​​​​ការ​លុក​លុយអ៊ុយក្រែន​ដោយ​កម្លាំងយោធា ត្រឹមតែជា​«ប្រតិបត្តិការយោធាពិសេស»​មួយ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​សុំ​ជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass កាល​ថ្ងៃទី​២៤ខែកុម្ភៈ​ ប៉ុន្តែ​សម្រាប់​ប្រទេស​អ៊ុយក្រែន​​និ​ងប្រទេសសេរី​នៅ​បច្ចឹមប្រទេស​បាន​អះអាងថា «នោះ​ជាការ​បង្កសង្គ្រាម​ពេញ​ទំហឹង»។

ពួក​បច្ចឹមប្រទេស​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​​​លើ​​សេដ្ឋកិច្ច​រុស្ស៊ី ថ្នាក់​ដឹកនាំ​រុស្ស៊ី និង​ធ្វើ​សកម្មភាព​ការទូត​ដើម្បី​ឱ្យរុស្ស៊ី​ស្ថិតនៅឯកោ ប៉ុន្តែ​ប្រទេសចិន​បាន​ឈរ​នៅកៀក​ស្មា​នឹង​ប្រទេសរុស្ស៊ី​​ចំពោះ​ទណ្ឌកម្ម​នេះ។ ក្រៅ​ពីនោះ​ ប្រទេសជាច្រើន​ទៀត​នៅមជ្ឈឹមបូព៌ា​ អាហ្រ្វិក និង​តំបន់អាស៊ី ក៏​មិនអនុវត្តទណ្ឌកម្ម​នោះដែរ៕ ប្រភព៖​ ABP Live

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner