ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ សម្លាប់​ជន​ស៊ីវិល​ ២២ នាក់​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន

ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​ ២២ នាក់​ ត្រូវ​បាន​សម្លាប់​ និង​រាប់​សិប​នាក់​ទៀត​រង​របួស​ ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុស្ស៊ី​ លើ​ស្ថានីយ៍​រថភ្លើង​អ៊ុយក្រែន​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ពុធ​ ចំ​ថ្ងៃ​ដែល​អ៊ុយក្រែនប្រារព្ធខួប​ទី​ ៣១​ នៃ​បុណ្យ​ឯក​រាជ្យ​ជាតិ​​របស់​ខ្លួន​ រួច​ផុត​ពី​ការ​គ្រប់​គ្រង​របស់​សហភាព​សូវៀត​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​ផ្សេង​ៗ​ដែល​ស្រង់​សម្ដី​ប្រធានាធិបតី​​អ៊ុយក្រែន​លោក​ វ៉ូឡូឌីមៀ ហ្សេលេនស្គី។

លោក ហ្សេលេនស្គី ​និយាយក្នុង​វិឌីអូ​​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​​ថ្ងៃ​ពុធ​ដូច​គ្នា​​ថា​ គ្រាប់​រ៉ុក្កែត​រុស្ស៊ី​បាន​​វាយ​ប្រហារ​ស្ថានីយ៍​រថភ្លើង​​ក្នុង​ទីក្រុង​Chaplyne ​ចម្ងាយ​ប្រហែល​ ១៤៥ គីឡូម៉ែត្រ​​ភាគ​ខាង​លិច​នៃ​ទីក្រុងភាគ​ខាង​កើត​​ដុនណិតស្ក៍​ ដែល​រុស្ស៊ី​កាន់​កាប់​។

លោកហ្សេលេនស្គី​ ​ថា​ ជន​ស៊ីវិល​ ២២ នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​រុស្ស៊ី​នឹង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ណ៍​នេះ​។ លោក​បន្ត​ថា​៖ «​យើង​នឹង​បណ្តេញ​ពួក​ឈ្លាន​ពាន​ចេញ​ពី​ទឹក​ដី​របស់​យើង​ដោយ​គ្មាន​មន្ទិល​សង្ស័យ​។​ ​ដាន​នៃ​អំពើ​អាក្រក់​នេះ​ នឹង​គ្មាន​នៅ​សេស​សល់​ក្នុង​ទឹក​ដី​អ៊ុយក្រែន​ ដែល​ពេញ​​សេរី​ភាព​របស់​យើង»។

រុស្ស៊ី​ ដែល​ហៅ​ការ​ឈ្លាន​ពាន​របស់​ខ្លួន​ថា​​ជា​ប្រតិបត្តិការ​យោធា​ពិសេស​ មិន​បាន​ចេញ​មុខ​ប្រតិកម្ម​ភ្លាម​ទេ​ ប៉ុន្តែ​កន្លង​មក​បាន​អះ​អាង​​ទាំង​គ្មាន​ផ្ដល់​ភស្តុតាង​ជាក់​លាក់​ថា​ កង​ទ័ព​របស់​ខ្លួន​វាយ​ប្រហារ​តែ​លើ​គោល​ដៅ​យោធា​ប៉ុណ្ណោះ​។

តាំង​ពី​សង្រ្គាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចាប់​ផ្ដើម​ឡើង​ ជនស៊ីវិលអ៊ុយក្រែន​​យ៉ាង​ហោច​ណាស់​ ៥ ៥៨៧​ នាក់​ ត្រូវ​បាន​សម្លាប់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) គិត​ត្រឹម​ថ្ងៃ​ទី​ ២១​ ខែ​សីហា​នេះ​។ ​ ​ ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner