UN អំពាវនាវឱ្យមានបទឈប់បាញ់ ស្រប​ពេល​មាន​ការ​ប្រយុទ្ធគ្នាជាថ្មី​នៅ​អេ​ត្យូពី​ភាគខាងជើង

លោកអគ្គលេខាធិការអង្គការ​សហប្រជាជាតិអង់តូនីញ៉ូ​ហ្គុយ​តឺរេស ​បាន​និយាយ​ថា ​លោក​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​មាន​ការ​​ប្រយុទ្ធ​គ្នា​ជាថ្មីនៅ​ជុំវិញ​តំបន់​ទីហ្គ្រេយ៍​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេត្យូពី​និង​បាន​អំពាវ​នាវឱ្យ​មាន​បទ​ឈប់​បាញ់​មួយជា​បន្ទាន់​។​​

ការប្រយុទ្ធគ្នា​ បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​នៅ​ជុំវិញ​ចុង​ខាង​ត្បូង​នៃ​តំបន់​ទីហ្គ្រេយ៍​ដោយ​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​រណសិរ្ស​​​រំដោះ​ប្រជា​ជនទីហ្គ្រេយ៍​(TPLF)​ ចោទគ្នា​ទៅ​វិញ​ទៅ​មក​ថា​បានបន្ត​ភាព​អារិភាព​ និង​បាន​បំផ្លាញ​បទ​ឈប់​បាញ់​មួយ​មាន​អាយុ​កាល​៥​ខែ​ហើយ​នេះ​។

របាយការណ៍​អំពីកា​រ​វាយប្រហារ​ថ្មីៗនេះ បានកើតឡើង​បន្ទា​ប់ពី​កងទ័ព​អាកាសអេត្យូពី ​បានប្រកាស​ថា​ខ្លួនបាន​បាញ់​ទម្លាក់​​យន្តហោះ​១គ្រឿងដែល​ដឹកអាវុធ​​ទៅ​​​​ឱ្យ​​ TPLF។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Abiy Ahmed ​និង​ក្រុម​ឧទ្ទាម​បាន​ចោទ​គ្នាទៅវិញ​ទៅមក​ជុំវិញ​ការ​បំផ្លាញ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​សង្គ្រាម​ព្រៃផ្សៃ​រយៈពេល​២១​ខែ​នៅ​ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើនបំផុត​ទី២​នៅ​អាហ្រិ្វក​ និង​ស្តី​បន្ទោស​គ្នា​ទៅ​វិញទៅមក​ជុំវិញ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បន្ត​ប្រយុទ្ធ​គ្នា​នេះ​។

លោក​ហ្គុយ​តឺរេស ​បានថ្លែង​ថា ​លោក​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង​ដោយសារ​ការ​ប្រយុទ្ធ​គ្នាជាថ្មីនោះ​​និង​អំពាវនាវ​ឱ្យ​បញ្ឈប់​ភាព​អារិភាព​ជា​បន្ទាន់​និង​ឱ្យ​បន្ត​ការចរចា​សន្តិភាព​ មធ្យោបាយ​មនុស្ស​ធម៌​ពេញលេញ​និង​បង្កើត​សេវា​សាធារណៈ​នៅ​តំបន់​ទី​ហ្គ្រេយ៍​ឡើងវិញ​។

ប្រធាន​គណៈកម្ម​ការ​សហភាព​អាហ្វ្រិក (AU)​ លោក Moussa Faki Mahamat ​បាន​អំពាវនាវ​សុំ​ឱ្យ​បន្ធូរ​បន្ថយ​ភាពតាន​តឹង​ និង​បន្ត​ការ​ចរចា ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

ប្រេសិត​ពិសេស​អាហ្រ្វិក​ប្រចាំ​នៅ ​AU ​លោក​ Olusegun Obasanjo ​កំពុង​ដឹកនាំ​ការ​ជំរុញ​ជា​អន្តរជាតិ​ដើម្បីបញ្ចប់​ជម្លោះ​រយៈពេល​២១​ខែ​នៅ​អេត្យូពី​ខាងជើង​រវាង​ក្រុម​ឧទ្ទាម​ទីហ្រ្គេយ៍​និង​កម្លាំង​រដ្ឋាភិបាល​។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ ​AU ​បាន​ឱ្យដឹង​ថា លោក​ Faki ​បាន​បញ្ជាក់​អះអាង​ពី​ការ​បន្ត​ប្តេជ្ញា​របស់​សហភាព​អាហ្វ្រិក​ដើម្បីធ្វើ​ការ​ជាមួយ​ភាគី​ទាំងអស់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​នយោបាយ​ដែល​មា​ន​ការ​ឯកភាព​គ្នា​ដើម្បី​ប្រយោជន៍​ប្រទេស​ដោយ​បាន​អំពាវនាវឱ្យ​​ភាគី​ទាំង២​ សហការ​ជា​មួយ​លោក​ Obasanjo។ ក្រសួង​ការ​បរទេស​អាមេរិក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អេត្បូពី​និង​TPLF ​បង្កើន​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ដល់​ការចរចា​សម្រាប់​បទឈប់​បាញ់​រយៈ​ពេល​យូរ​៕ ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner