កូរ៉េ​ខាងត្បូង ​និង​ចិន​ប្រារព្ធ​ខួបលើក​ទី​៣០​នៃ​ទំនាក់ទំនង​ការទូត​ជា​មួយ​នឹង​ពិធី​ផ្សេង​រួមគ្នា​

កូរ៉េខាង​ត្បូង​និង​ចិន​បាន​រៀប​ចំ​ពិធី​រួម​គ្នា​កាលពី​ថ្ងៃ​ពុធ ​ដើម្បី​រំឭក​ខួបលើក​ទី​៣០​នៃ​ការ​បង្កើន​ទំនាក់​ទំនង​ការទូត​របស់​ពួកគេ។

ព្រឹត្តិការណ៍ជា​ច្រើនត្រូវ​បាន​រៀបចំ​នៅ​ពេលដំណាល​គ្នា​តាម​រយៈ​វីដេអូ​លីង​នៅក្នុង​ទីក្រុង​របស់​ពួកគេ​ផ្ទាល់ ដោយ​មាន​ការ​ចូលរួម​ពី​លោក​រដ្ឋមន្ត្រី​ការបទេស​ Park Jin និង​សមភាគី​របស់​លោក ​គឺ​លោក​ វ៉ាង​ យី ​ជាមួយ​នឹង​អ្នក​មុខ​អ្នក​ការ​ដទៃទៀត​។ ​ពួកគេ​បាន​អាន​សារ​អបអរសាទរ​របស់​លោក​ប្រធានា​ធិបតី ​Yoon Suk-yeol ​និងលោក​​ប្រធានា​ធិបតី​ស៊ី​ ជីនភីង​។ ​

មេដឹកនាំទាំង​២​ បាន​កត់​សម្គាល់​ពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង​២​ និង​បាន​សម្តែង​ក្តី​សង្ឃឹម​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​កាន់​តែជិត​ស្និទ្ធ​ថែម​ទៀត។

ជាពិ​សេស​ទៅ​ទៀតនោះ​លោក​ Yoon ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​មាន​ជំនួប​ទល់​មុខ​ជា​មួយ​លោក​ស៊ី​។ ​លោក​ប្រធានាធិបតី​ចិន ​បាន​ព្រមព្រៀង​ពង្រឹង«​ទំនាក់​ទំនង​ជា​យុទ្ធ​សាស្ត្រ​»ជា​មួយ​លោក Yoon ដោយ​បាន​និយាយ​ថា ប្រទេស​ទាំង២​គួរ​ក្លាយ​ជា​​អ្នក​ជិត​ខាង ​មិត្តភក្តិ ​និង​ដៃ​គូល្អ។ ​

អ្នកការទូត​កំពូល​ទីក្រុង​សេអ៊ូល​ក៏​បាន​និយាយ​ថា ​ទំនាក់​ទំនង​កូរ៉េខាង​ត្បូង​ចិន​កំពុង​ប្រឈម​នឹង«​ចំណុ​​ច​របត់​ប្រវត្តិសាស្ត្រ​ថ្មី» ​ និង​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​កិច្ចខិត​ខំ​ប្រឹង​ប្រែង​រួម​ដើម្បី​ប្រែក្លាយ​វិបត្តិ​មួយ​ឱ្យ​ក្លាយ​ជា​ឱកាស។

លោក​បាន​និយាយ​ថា ​រដ្ឋបាល​លោក​ Yoon ​នឹង​ធ្វើ​ការ​ជា​មួយ​ប្រទេស​ចិន ​ដើម្បី​រីកចម្រើន​លើ​គំ​និត​ផ្តួចផ្តើម​យ៉ាង​ក្លាហាន​របស់​គាត់​ក្នុង​គោល​បំណង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​កូរ៉េខាង​ជើង​ ជា​ថ្នូរ​នឹង​វិធានការ​លុបបំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។​

លោក​ Park បានបង្ហាញ​ពីតម្រូវការ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​និង​ជំរុញ​ការ​ផ្លាស់​ប្តូរ​​ទស្សនៈ​រវាង​ប្រជាជន​នឹង​ប្រជាជន​។

ស្របពេល​ជា​មួយ​គ្នា​នោះ​ដែរ ​នៅមុន​ពិធី​រំឭក​ខួប​នេះ ​លោក​ Park ​និង​​លោក​វ៉ា​ បាន​ចូល​រួម​ជំនួប​ពីចម្ងាយ​មួយ​ ដែល​គណៈ​កម្មាធិការ​ដើម្បី​អភិវឌ្ឍន៍​កូរ៉េ-ចិន​នៅ​ពេល​អនាគត ​បាន​ដាក់​សំណើ​​គោល​នយោបាយ​ជា​ច្រើន។

គណៈ​កម្មាធិការ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំមុន​ មាន​មន្ត្រី​រដ្ឋាភិបាល​មុន​និង​បច្ចុប្បន្ន​ អ្នក​ស្រាវជ្រាវ​ពាក់ព័ន្ធ​និង​អ្នក​ជំនាញ​ដទៃ​ទៀត។ គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​បង្កើត​ផែន​ទី​ផ្លូវ​សម្រាប់​មធ្យោ​បាយ​នានា​ ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​សេអ៊ូល​ និង​ទីក្រុង​ប៉េកាំង​មាន​ការ​រីកចម្រើន​ក្នុង​ឱកាស​ខួប​លើក​ទី​៣០​នេះ​។ គណៈ​កម្មាធិការនេះ​ដែរ​បាន​ស្នើដល់​ភាគីទាំង​២​ស្វះ​ស្វែង​គំរូ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​តាមរយៈ​កិច្ចភាក្សា​ជា​យុទ្ធសាស្ត្រ​ច្រើន​កម្រិត​ដើម្បី​ធ្វើឱ្យ​ការ​ជឿជាក់​ផ្នែក​នយោបាយ​ទៅ​វិញ​ទៅ​មក​កាន់​តែ​ស៊ី​​ជម្រៅ​និង​បាន​ឱ្យមាន​កិច្ចចរចា​២​បូក២​ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រីការ​បរទេស​និង​ការពារ​ជាតិ​ មិន​មែន​គ្រាន់​តែ​ជា​​ជំនួប​កម្រិត​កំពូល​ទេ ​និង​ការ​សហ​ប្រតិ​បត្តិ​ការ​ទៅលើ​ចង្វាក់​ផ្គត់ផ្គង់​ និង​បញ្ហា​ដែន​សមុទ្រ​៕ ប្រភព៖ YNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner