​ជម្លោះ​ការទូត​ចិន ​និង​កាណា​ដា​ផ្ទុះ​ឡើង​ជាថ្មី ពេលសភាកាណាដា​បង្ហាញ​គម្រោង​ទស្សនកិច្ច​នៅតៃវ៉ាន់​

ជម្លោះ​វោហាស័ព្ទ​​រវាង​រដ្ឋាភិបាល​​​ទីក្រុង​ប៉េកាំង​ និង​ទីក្រុង​អូតាវ៉ា​​​​​​​ បានផ្ទុះ​ឡើង​ជាថ្មី​​ ក្រោយ​ពី​ដំណឹង​នៃ​ការ​បំពេញ​ទស្សនកិច្ច​​​​របស់សមាជិក​សភា​​កាណាដា លោកស្រី​ Judy Sgro ​ដើម្បី​​រឹតចំណង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​ ​នៅ​ក្នុង​ខែតុលា​ខាងមុខ​​​ទៅកាន់​កោះតៃ​វ៉ាន់​​ដែល​រដ្ឋាភិបាល​ចិន​មិន​ទាន់​បាត់​​ក្តៅស្លឹក​ត្រចៀក​​​ចំពោះ​ដំណើរ​ទស្សនកិច្ច​​​​របស់​ប្រធាន​សភាអាមេរិក ​កាល​ពី​ដើម​ខែ​សីហា​​​​ក្រោម​រូប​ភាព ​​នៃភាព​ប្រេះ​ឆា​លើវិស័យ​ការទូត​ដ៏ខ្លាំងបំផុត​។

ចិន​ចាត់ទុក​​កោះ​តៃ​វ៉ាន់​ដែល​មាន​ប្រជាជន​​​​ប្រមាណ​២៣​លាន​នាក់​ជា​ខេត្ត​ចំណុះ​​ចិន​ដីគោក​​របស់ខ្លួន ប៉ុន្តែ​​តៃវ៉ាន់​​ដែល​គ្រប់គ្រង​កោះ​តាម​បែប​លទ្ធិប្រជាធិបតី​​​​​និង​ទទួលបាន​ការគាំទ្រ​​យ៉ាង​ខ្លាំង​​​ផ្នែកសព្វាវុធ និង​ពាណិជ្ជកម្ម​ពីប្រទេសសេរី តែងតែបង្ហាញ​ជំហរ​ឯករាជ្យ​របស់ខ្លួន​ មិន​ចំណុះ​​ឱ្យរដ្ឋបាល​ទីក្រុង​ប៉េកាំង​ឡើយ។​

ភាព​ចម្រូងចម្រាស់ដ៏​ខ្លាំង​បំផុត​​រវាង​​​មេដឹកនាំ​​​សហរដ្ឋអាមេរិក​​ដែល​ជា​អ្នក​ដឹកមុខ​ប្លុក​សេរី និង​មេដឹក​នាំ​ទីក្រុងប៉េកាំង​​ដែល​ជា​ប្រទេសកាន់​របប​កុម្មុយនីស បានផ្ទុះ​ឡើង​នៅ​មុន​និង​ក្រោយ​ដំណើរទស្សនកិច្ច​របស់​ប្រធានសភាអាមេរិក​​ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាល​ពីដើម​ខែ​សីហា​​ រហូត​ដល់​ប្រទេស​ទាំងពីរ​សម្ញែង​​ថាមពល​កងទ័ព​​​​ដាក់គ្នា​​យ៉ាងសម្បើម​មិនធ្លាប់មាន។

ក្រោយ​ការសម្ញែង​​មិន​ប៉ះទង្គិច​គ្នា​លើ​ប្រដាប់អាវុធ ប៉ុន្តែ​វោហាស័ព្ទ​ការទូត​នៅតែ​បន្តវាយ​ប្រហារគ្នា​ឥតឈប់ឈរ។ ​យ៉ាងណាស្ថានភាព​ហាក់ធូ​រស្រាល​បន្តិច នៅពេល​ដែលសង្គ្រាម​នៅ​ប្រទេ​​ស​អ៊ុយក្រែន​កាន់តែករក្រើក​ខ្លាំង និង​​​កិច្ចប្រជុំ​​​កំពូល​នៃ​ប្រទេស​​​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ជឿនលឿន​ G20 នៅ​ប្រទេសឥណ្ឌូនេស៊ី​កាន់តែ​ខិត​ជិតមកដល់ ហើយ វត្តមាន​នៃ​មេដឹកនាំ​រុស្ស៊ី​និង​ចិន​ក្នុងកិច្ច​ប្រជុំ​នោះ​ត្រូវ​​​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ចាប់អារម្មណ៍​យ៉ាងខ្លាំង។

​ដំណឹង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Melanie Joly សមាជិក​សភា​​​កាណា​​ដា​​មក​ពីបក្សសេរីនិយម​ ដែល​​​​ជា​បក្ស​គ្រប់គ្រង​រដ្ឋាភិបាលកាណា​ដា​អស់​រយៈពេល​៧០ឆ្នាំ​​មក​ហើយ ​ត្រូវ​បាន​លាត​ត្រដាង​​​កាល​ពីថ្ងៃ​អង្គារ​​ ដោយ​ភាគី​ចិន​​បន្តព្រមាន​​​ពី​កា​រចាត់វិធានការ​​ណ៍​«ដោយបង្ខំ» ប្រសិន​បើ​កាណា​ដា​ជ្រៀតជ្រែក​ចូល​កិច្ចការ​តៃ​វ៉ាន់។

​រដ្ឋាភិបាល​​កាណា​ដា​បានបង្ហាញ​​ជំហរ​មិន​ខុសគ្នា​ពី​រដ្ឋាភិបាលសហរដ្ឋអាមេរិក​នោះទេ ដោយ​អះអាងថា ផ្នែក​​នីតិប្រតិបត្តិ​មិនអាច​ជ្រៀតជ្រៀក​ចូលកិច្ចការ​និង​ការសម្រេចចិត្ត​របស់​នីតិ​បញ្ញត្តិឡើយ។

​​យោង​តាម​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​កាណាដា លោកស្រី Melanie Joly បាន​និយាយ​កាលពីថ្ងៃពុធ​​ទី​២៤​ខែសីហាថា ប្រទេស​ចិន​មិនគួរ​​ប្រើ​​គម្រោង​​ទស្សនកិច្ច​ទៅកាន់​កោះតៃវ៉ាន់​ដោយ​សមាជិក​សភាកាណាដា​ជាលេស​សម្រាប់ការឈ្លានពានខាងយោធា ឬសេដ្ឋកិច្ចនោះទេ។

ប្រទេសចិនបានព្រមានកាលពីថ្ងៃអង្គារថា ខ្លួននឹងចាត់វិធានការដោយបង្ខំ ប្រសិនបើ​កាណាដា​​ជ្រៀតជ្រែកក្នុងកិច្ចការ​នៅ​កោះតៃវ៉ាន់ មួយ​សប្តាហ៍​បន្ទាប់ពី​វាលេចចេញថា គណៈ​ប្រតិភូ​សមាជិកសភាកាណា​ដាគ្រោងនឹងទៅលេងកោះនៅចុងឆ្នាំនេះ ដើម្បី​ស្វែង​រក​ឱកាស​រឹតចំណង​​​ពាណិជ្ជកម្ម។

ស្ថានទូតចិនប្រចាំនៅកាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើកាលពីល្ងាច​ថ្ងៃ​អង្គារ​ទី២៣​​ខែសីហា​ថា៖​«យើង​ជំរុញឱ្យ​ភាគីកាណាដាគោរពតាមគោលការណ៍​ចិន​តែមួយ និង​គោរព​អធិបតេយ្យភាព និងសុចរិតភាព​បូរណភាពទឹកដីរបស់ចិន»។

ស្ថានទូតចិនបាននិយាយថា៖​«ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង​ខ្លាំងក្លា​ប្រឆាំង​នឹង​ប្រទេស​ណាមួយដែលប៉ុនប៉ងជ្រៀតជ្រែក ឬរំលោភលើអធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេសចិន»។

ចិន​​​អះអាង​ ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន​ក្រោម «​គោលការណ៍​ចិន​តែមួយ» និង​​ជំទាស់​នឹង​អ្នកនយោបាយ​បរទេស​ដែល​មក​​​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​នេះ​។ តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ប្រជាធិបតេយ្យ​បដិសេធ​ការ​អះអាង​របស់​ចិន។

ប្រទេស​កាណាដា ក៏ដូចជាប្រទេសលោកខាងលិចភាគច្រើនដែរ អនុវត្ត​តាម​គោល​នយោបាយ​ចិន​តែមួយ ដែល​ទទួលស្គាល់ទីក្រុងប៉េកាំង មិនមែន​ជា​ទីក្រុង​តៃប៉ិ​​នោះទេ​សម្រាប់​ជា​​ទំនាក់​​ទំនង​ការទូត ខណៈពេលដែលខ្លួនគាំទ្រតៃវ៉ាន់ក្រៅផ្លូវការ។

លោក Adrien Blanchard ដែល​ជា​អ្នកនាំពាក្យលោកស្រី​ Judy Sgro ​បាននិយាយថា សមាគមសភា និង​ក្រុម​មិត្តភាព​ធ្វើការសម្រេចចិត្តដោយឯករាជ្យ ហើយ​រដ្ឋាភិបាល​កាណាដា​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​​នោះ។

លោក Blanchard​ បាន​និយាយ​ថា៖​«ដូច​ដែល​យើង​បាន​និយាយ​ពីមុន ការធ្វើ​ដំណើរ​របស់​សមាជិក​សភា មិន​គួរត្រូវបានប្រើប្រាស់ជាលេសសម្រាប់ការកើនឡើង ឬ​សកម្មភាព​យោធា និង​សេដ្ឋកិច្ចឈ្លាន​ពាននោះទេ»​។

លោកស្រី​ Judy Sgro សមាជិក​សភា​មក​ពី​បក្ស​សេរីនិយម​​ដែល​គ្រប់​គ្រង​​ប្រទេស​កាណា​​ដា​ជាង​៧០ឆ្នាំ ​​​បាននិយាយកាល​ពី​សប្តាហ៍​មុន​ថា​សមាជិក​«ក្រុមមិត្តភាព»​នៃសភាកាណាដា-តៃវ៉ាន់ ដែល​មិន​ទទួលបានការគាំទ្រផ្នែករដ្ឋបាល ឬហិរញ្ញវត្ថុ​ពី​សភា​កាណាដា​បានគ្រោង​នឹង​ទៅ​ទស្សនា​កោះ​ដែល​គ្រប់គ្រង​ដោយខ្លួន​ឯងនៅក្នុងខែតុលា។

លោកស្រី Sgro បាន​និយាយ​ថា ការធ្វើ​ដំណើរ​នេះ​នឹងផ្តោតលើពាណិជ្ជកម្ម ហើយ​ចេតនា​របស់​សមាជិក​សភា​គឺ​មិនរំខាន និងបង្កបញ្ហាសម្រាប់តៃវ៉ាន់ ឬជាមួយប្រទេសចិននោះទេ។

លោក Blanchard បាននិយាយថា៖«​យើង​​​លើកទឹក​ចិត្ត​ឱ្យ​ភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និង​រក្សាទំនាក់ទំនងបើកចំហរដើម្បីការពារការយល់ច្រឡំ»។

នៅក្នុង​សេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលកាណាដាបាននិយាយថា សមាគមសភា និង​ក្រុមមិត្តភាព​មាន​ភាព​ឯករាជ្យ​ ហើយ​ខ្លួន​គោរព​នូវ​ចេតនា​របស់​សមាជិកសភា​ក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់កោះតៃវ៉ាន់

ប្រទេសកាណាដា​​ធ្លាប់​​កើត​មា​ន​រឿង​ល្អក់កករ​​នឹងគ្នា​យ៉ាង​ខ្លាំង​​ដែរ កាល​ឆ្នាំ​២០១៨​នៅ​ពេល​ដែលរដ្ឋាភិបាលកាណា​​ដា​ចាប់​ខ្លួន​​ លោកស្រី Meng Wanzhou ដែល​ជា​ប្រធានផ្នែក​​ហិរញ្ញវត្ថុ​​​​របស់​ក្រុមហ៊ុន​ Huawei  ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់ចិន តាមការ​ស្នើ​សុំ​​របស់​អាជ្ញាធរ​អាមេរិក​ ដែល​ចោទ​ប្រកាន់​​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​​របស់ Huawei  គឺ​ក្រុមហ៊ុន​ Skycom​​ បានធ្វើពាណិជ្ជកម្ម​ជាមួយប្រទេសអ៊ីរ៉ង​​​ដែលអាមេរិក​ដាក់​ទណ្ឌកម្ម​។

​បីឆ្នាំក្រោយ​មក ទើប​លោកស្រី Meng Wanzhou ត្រូវបានដោះលែង​​និង​អនុញ្ញាត​ចាកចេញ​​ពីប្រទេសកាណា​ដា ក្រោម​កិច្ច​ព្រម​ព្រៀង​រវាង​ចិន​និង​អាមេរិក៕ ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner