កម្ពុជាចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូង (Video Inside)
រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើក ដំបូងជាផ្លូវការ ចាប់ពីខែកញ្ញា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈធនាគារជាតិនៃកម្ពុជា… នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងទំហំ១ពាន់២១៩ ប៊ីលានរៀល ឬប្រមាណ៣០០ លានដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ»។
មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ១លានរៀល ដោយការគិតការប្រាក់រៀងរាល់៦ខែម្តង ។ មូលបត្រនេះមាន៣ប្រភេទ គឺ ប្រភេទប្រតិទាន ១ឆ្នាំដោយបោះផ្សាយចំនួន២ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង, ប្រភេទប្រតិទាន៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង និងប្រភេទប្រតិទាន៥ឆ្នាំ ដោយបោះផ្សាយចំនួន២ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ ម្តង។
ការប្រកាសគ្រោងបោះលក់មូលបត្ររដ្ឋជាលើកដំបូងនៅឆ្នាំ២០២២នេះ ត្រូវគេចាត់ទុកថា មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេស ឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រ គម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។
ការបោះផ្សាយមូលបត្របំណុលនេះ ត្រូវគេចាត់ទុកថា គឺដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ស្របពេលដែលទីផ្សារនេះបានដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ៕