ខេត្តស្វាយរៀងនឹងត្រូវប្រកាសជាខេត្តអស់មីននៅឆ្នាំ២០២៣ (Video Inside)
ខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹម”។
អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់នូវគម្រោងត្រៀមប្រកាសក្នុងឆ្នាំក្រោយនេះ ក្នុងពិធីសំណេះសំណាលមួយនៅថ្ងៃទី២៥សីហាក្នុងឱកាសទស្សនកិច្ចខេត្តស្វាយរៀង។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីអភិបាលខេត្តលោក ម៉ែន វិបុល និងអគ្គនាយកស៊ីម៉ាក់ លោកហេង រតនាផងដែរ។
សង្គ្រាមស៊ីវិលជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា បានធ្វើឱ្យរាជធានី និងខេត្តទូទាំងប្រទេស រងនឹងភាពរាយប៉ាយដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ កម្ពុជា មានគម្រោងបញ្ចប់ការបោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ ២០២៥។
សម្តេចតេជោ ហ៊ុន សែន កាលពីខែកក្កដាឆ្នាំ២០២២បានបង្កើត«គម្រោងសម្តេចតេជោ សម្រាប់ សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលតាមរយៈគម្រោងនោះ សប្បុរសជនជាច្រើនក្នុង និងក្រៅប្រទេសបានជួយបរិច្ចាកថវិកា ដើម្បីជម្រុញកិច្ចការបោសសំអាតមីន។ ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈក៏បានសព្វព្រះរាជ ហរទ័យចូលរួមបរិច្ចាកព្រះរាជទ្រព្យក្នុងគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។
ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមការងារដោះមីនក្នុងខេត្តស្វាយរៀងនោះ, ទេសរដ្ឋមន្ត្រីលីធុជ បានថ្លែងថា ការងារបោសសម្អាតមីននៅខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣។ ហើយពេលនោះខេត្តដែលមាន ទំហំផ្ទៃដីគ្រាប់មីនជាង១២គីឡូម៉ែត្រក្រឡា នឹងត្រូវប្រកាសថាជាខេត្តអស់គ្រាប់មីន។